FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឪពុកកសិករ ម្តាយកម្មការិនី បានកូនភ្លោះ៣ជាចំណងដៃស្នេហ៍, សម្រាលមួយសប្តាហ៍​ទទួល​​បាន​អំណោយពីសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី និងលោកជំ​ទាវ​បណ្ឌិត

08-11-2026 18:58

(ភ្នំពេញ)៖ គូស្វាមីភរិយាថ្មោងថ្មីបុរសជាកសិករ ស្ត្រីជាកម្មការិនី សម្រាលបានកូនភ្លោះ៣ ជាកូនលើកដំបូងនៃចំណងស្នេហ៍។ ក្រោយសម្រាលបានមួយសប្តាហ៍អំណោយរបស់សម្តេច​តេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ចែងយកជូនដល់ដៃ ដើម្បី​ជាចំណែកសម្រាលការលំបាកក្នុងជីវភាព។ នេះជាគ្រួសារកូនភ្លោះទី៤៤៤ហើយ ដែល​ទទួលបានអំណោយដ៏សប្បុរសរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរ​ធិប​តី និងលោកជំទាវបណ្ឌិត។

អំណោយគ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបានលោក សេង ទៀង នាយករងខុទ្ទកា​ល័យ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត យកទៅប្រគល់ដល់ដៃ​គ្រួសារ​កូន​ភ្លោះបី ដែល​កំពុងសំរាកថែទាំសុខភាព នៅមជ្ឈមណ្ឌលគាំពារមាតា និងទារក នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

អំណោយ​រួម​មាន ថវិកា ១០លានរៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង​២ និង​ក្រម៉ា​២។​

គ្រួសារទទួលបានទារកភ្លោះបីជាចំណងដៃដំបូងនៃអាពាហ៍ពិពាហ៍នេះ មានឪពុកឈ្មោះ ឆេង ណារ៉ូ អាយុ ២៦ឆ្នាំ មុខរបបកសិករ ម្តាយឈ្មោះ ខឺន សុជាតិ អាយុ ២៧ឆ្នាំ មុខរបរ​កម្មក​ររោងចក្រ រស់នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ទារកភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌល​គាំពារ​មាតា និងទារក ហៅពេទ្យជប៉ុន រាជធានីភ្នំពេញ។ នៅចំពោះមុខគ្រួសារកូនភ្លោះ លោក សេង ទៀង មាន​ប្រ​​សា​​សន៍​នាំ​នូវ​ការ​​​ផ្តាំ​​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុតពី​សម្តេច​​តេ​​​ជោ ​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរធិបតីនាយក​រដ្ឋ​មន្ត្រី និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​សម្តេចទាំង៣ និងលោកជំទាវ ​តែង​តែ​ផ្ញើ​​នូវការ​នឹក​រលឹក​​ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋនៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា។

នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ​បាន​ឱ្យ​ដឹង​​ដែរ​ថា ការជួយដល់​គ្រួសារ​មានកូន​ភ្លោះ​៣ ឬ៤នាក់​នេះ ជាការ​ទឹកចិត្តសណ្តោសប្រណី និងគិតគូរ​ខ្ពស់របស់​សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត តាំងពីឆ្នាំ​១៩៩៩មកម្ល៉េះ។ ​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ មាន​រយៈ​ពេល​ ២៧​ឆ្នាំ​ហើយ។ ២៧ឆ្នាំកន្លងមកនេះ មាន​គ្រួសារ​សម្រាល​កូន​ភ្លោះបី​នាក់ ឬ​​បួន​នាក់ ​ចំនួន ​​៤៤៤គ្រួ​សារ​​​​​ហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏​សប្បុ​រស​ធម៌​ពី​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ជួយ​ទំនុក​បម្រុង ដោះស្រាយ​​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​ ជាពិ​សេស​​ការ​​ចិញ្ចឹម​បីបាច់កូន​ភ្លោះ​បី​នាក់។

លោក សេង ទៀង បានគូសបញ្ជាក់ថា ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្ត​ប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេជោ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​សម្រាលកូន​ភ្លោះបី ឬ​បួន​នាក់ មិន​ថា​មាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែ​សម្រាលនៅកម្ពុជា។

សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិត​អាសូរ​របស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហា​បវរ​ធិប​តី និងលោកជំទាវ​បណ្ឌិតផងដែរ។

បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោក​ជំទាវ​បណ្ឌិត ក៏បន្ត​តាម​លំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហើយបានចូលរួម​ឧបត្ថម្ភ​ដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់​ផង​ដែរ។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកា​ចំនួន ៥​លាន​រៀល។ គ្រួសារខាងលើនេះ ជាគ្រួសារទី២០ហើយ ដែលទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្តេចមហាបវរ​ធិបតី និងលោកជំទាវបណ្ឌិត។

ក្រុមគ្រួសារកូនភ្លោះបី បានបានបង្ហាញទឹកចិត្តសប្បាយរីករាយដោយ​ទទួល​បានការ​​យកចិត្តទុកដាក់​ខ្ពស់​ពីថ្នាក់ដឹកនាំជាតិ ព្រមទាំងបាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ​បំផុត និងប្រកបដោយក្តីគោរពកតញ្ញូតាធម៌ ជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយក​រដ្ឋ​មន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែង​តែតម្កល់ផល​ប្រយោជន៍ និងទុក្ខ​លំបាក​របស់ប្រជាជន គឺជាក្តីកង្វល់ និងទុក្ខលំបាករបស់​របស់ខ្លួន​ដែរ៕