លោក ឃុត រ៉ឺណង់ តំណាងក្រុមគ្រួសារ ថ្លែងអំណរព្រះគុណ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ ដែលនិមន្តចូលរួម និងសម្តែងធម៌ទេសនា ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អ៊ុយ ស៊ីមួន
08-11-2026 18:22
(ភ្នំពេញ)៖ លោក ឃុត រ៉ឺណង់ តំណាងឱ្យក្រុមគ្រួសារ បានសម្តែងនូវក្តីរំភើបរីករាយឥតឧបមា និងសូមលំឱនកាយក្រាបថ្វាយបង្គំថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយចំពោះ សម្តេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដូង ផង់ នន្ទិយោ អគ្គមហាសទ្ធម្មជោតិកៈធជៈ ព្រះអនុប្រធានថេរសភាព្រះពុទ្ធសាសនាកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះចៅអធិការវត្តមហានន្ទិយនេរញ្ជរារាមនិវេទ (ហៅវត្តព្រែកប្រាំង) ដែលព្រះអង្គបានសព្វព្រះទ័យនិមន្តចូលរួម និងសម្តែងព្រះធម៌ទេសនាប្រោសប្រទានដល់ពុទ្ធបរិស័ទ ក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ដើម្បីឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធ លោកធម្មសុមនបញ្ញាវង្សាធិបតី អ៊ុយ ស៊ីមួន អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។
លោកធម្មសុមនបញ្ញាវង្សាធិបតី អ៊ុយ ស៊ីមួន (នាមដើម ឃុន ខេង) អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អតីតព្រឹទ្ធាចារ្យ និងជាអតីតមន្ត្រីជាន់ខ្ពស់នៃទីចាត់ការគយ និងរដ្ឋាករ បានទទួលមរណភាពកាលពីវេលាម៉ោង ៨ និង ១៩នាទីយប់ ថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨២ឆ្នាំ។ បន្ទាប់ពីបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន និងដង្ហែសពទៅកាន់វត្តស្លាកែតរួចរាល់ ពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមតាមគន្លងព្រះពុទ្ធសាសនានៅថ្ងៃទី០៥ និងទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅគេហដ្ឋាននៃសព ស្ថិតក្នុងបុរីប៉េងហួតបឹងស្ងោ (គម្រោង ១០) ផ្ទះលេខ 127 ផ្លូវលេខ E03 រាជធានីភ្នំពេញ៕


















