អង្គកឋិនទានសាមគ្គី នៅវត្តមង្គលគិរី ខេត្តតាកែវ ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការចូលរួមយ៉ាងផុសផុលពីពុទ្ធបរិស័ទ
08-11-2026 16:33
(តាកែវ)៖ គណៈកម្មការអាចារ្យវត្ត និងព្រះភិក្ខុចន្ទត្ថេរោ ចាន់ សារី ព្រះចៅអធិការវត្តមង្គលគិរី បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ប្រារព្ធធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់វស្សាអស់ត្រីមាសក្នុងពទ្ធសីមាវត្តមង្គលគិរី (ហៅវត្តបពល) នារសៀលថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦។ ពិធីបុណ្យនេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងផុសផុលពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ។
កឋិនទាន គឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុងព្រះវិន័យបិដក មហាវគ្គ កឋិនក្ខន្ធកៈ ជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ ៥យ៉ាងរួមមាន (១) ប្លែកដោយកាល គឺជាកាលទាន ក្នុងមួយឆ្នាំធ្វើបានតែ១ដង មាន រយៈពេលកំណត់ត្រឹមតែ២៩ថ្ងៃ ហើយវត្តមួយទទួលបានកឋិនតែ១ដងប៉ុណ្ណោះ (២) ប្លែកដោយវត្ថុ គឺសំពត់ដែលជាវត្ថុកឋិននោះ មានតែស្បង់ ចីវរ និងសង្ឃាដី ដែលគេធ្វើត្រឹមត្រូវតាមពុទ្ធប្បញ្ញត្តិ (៣) ប្លែកដោយអំពើ គឺបុគ្គលអ្នកធ្វើគប្បីធ្វើឱ្យត្រូវតាមវិន័យបញ្ញត្តិ ហើយសង្ឃត្រូវក្រាលគ្រងឱ្យត្រូវតាមវិន័យបញ្ញត្តិ (៤) ប្លែកដោយបដិគ្គាហកៈ គឺអ្នកទទួលសំពត់កឋិន បានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់ ៣ខែដោយមិនដាច់វស្សា ទើបទទួលក្រាលគ្រងបាន (៥) ប្លែកដោយអានិសង្ស ជាបុណ្យមានផលានិសង្សច្រើន។
អ្នកធ្វើទទួលបានអានិសង្ស ៥យ៉ាងគឺ មានប្រាជ្ញាក្លៀវក្លាមុះមុត, មានពណ៌សម្បុរល្អ , មានរូបល្អ , មានទ្រង់ទ្រាយល្អ ៥.នឹងបានជាស្តេចចក្រក្នុងជាតិណាមួយពុំខានឡើយ។
ចំណែកបដិគ្គាហកៈ(អ្នកទទួល) ក៏បានអានិសង្ស៥ដូចគ្នាគឺ និមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា, និមន្តទៅណា មិនបាច់យកត្រៃចីវរគ្រប់, ឆាន់គណភោជនបាន , ទុកដាក់អតិរេកចីវរបានតាមត្រូវការ , ចីវរណាដែលកើតឡើងក្នុងអាវាសនោះ ចីវរនោះ នឹងមានដល់ភិក្ខុទាំងនោះ។
ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗ ក៏មានលទ្ធភាពអាចទទួលបាននូវ បរិវារកឋិនរួមមាន សម្ភារថវិកា សម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗ មានដូចជា ព្រះវិហារ កុដិ ឧបដ្ឋានសាលា ការទំនុកបម្រុងវិស័យពុទ្ធិកសិក្សា ជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យ សង្គមកិច្ចជាដើម។
បុណ្យកឋិនទាន ប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម ដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គល គ្រួសារ និងសង្គម, ទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានចំរើនរុងរឿងគង់វង្សស្ថិតស្ថេរនៅយូរអង្វែង,ផ្តល់កម្លាំងកាយ ចិត្តដល់ព្រះភិក្ខុសង្ឃ បុគ្គលជាសាសនទាយាទបន្តអាយុព្រះពុទ្ធសាសនាតទៅ,ដើម្បីបានថ្វាយឧបការៈ ទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរ ដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឱ្យកើតសេចក្តីប្រមាថចំពោះមហាកុសលរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនេះព្រះភិក្ខុចន្ទត្ថេរោ ចាន់ សារី ព្រះចៅអធិការវត្តមង្គលគិរី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមអនុមោទនាបុណ្យជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ពុទ្ធបរិសទទាំង ៧វេន ចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ ដែលបានចូលរួមចំណែកចាប់មគ្គផល និងការរៀបចំបដិសណ្ឋាកិច្ច បានធ្វើឲ្យពិធីបុណ្យកឋិនទានវត្តបពលដំណើរការទៅដោយរលូន។
កុសលផលបុណ្យដែលបានកើតឡើងពីសទ្ធាជ្រះថ្លានេះ សូមជូនជាអនុផលបុណ្យដល់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់គ្នា សូមបានប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


























