FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាកលវិទ្យាល័យចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍធនធានមនុស្ស

08-11-2026 16:14

(ទីក្រុងឆុងឈីង)៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យ Chongqing Jiaotong University និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក កែន រដ្ឋា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ រួមដំណើរដោយលោក ទេស តារារ័ត្ន អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងក្រុមការងារ បានចូលរួមពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងសាកលវិទ្យាល័យ Chongqing Jiaotong University នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន។

អនុស្សរណៈនៃការយោគយល់គ្នាត្រូវបានធ្វើឡើងនាថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើការអភិវឌ្ឍ និងកសាងធនធានមនុស្ស សម្រាប់ក្រសួង និងសាកលវិទ្យាល័យឱ្យកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តភាព។

ជាមួយគ្នានេះ នៅរសៀលថ្ងៃខែឆ្នាំដដែល ក៏មានការរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី China-Cambodia Advance Program on Smart Transportation and Sustainable Development Cooperation ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលសិក្ខាកាមបានទទួលនូវចំណេះដឹង និងទស្សនវិស័យថ្មីៗ ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធដឹកជញ្ជូន ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងការបង្កើនប្រសិទ្ធភាពនៃសេវាដឹកជញ្ជូនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

គួររំលឹកផងដែរថា ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានសម្របសម្រួលចាត់បញ្ជូនមន្ត្រីមកពីគ្រប់អង្គភាព ចំនួន ៨៥រូប ទៅចូលរួមវគ្គបណ្តុះបណ្តាលនៅសាកលវិទ្យាល័យ Chongqing Jiaotong University រួចមកហើយ ហើយនឹងគ្រោងជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕