គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផលនៃមហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១៣ និងវេទិកាសារព័ត៌មាន ICAPP លើកទី៨
08-11-2026 16:11
(ភ្នំពេញ)៖ តាមការចាត់តាំងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា អនុប្រធាន ICAPP និងជាប្រធានក្រុមការងារ ICAPP-ACC កម្ពុជា ដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួម «មហាសន្និបាត ICAPP លើកទី១៣» ក្រោមប្រធានបទ «ការកសាងទំនុកចិត្តឡើងវិញ ក្នុងពេលដែលពិភពលោកកំពុងប្រែប្រួល» ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។
មហាសន្និបាតនេះត្រូវបានសហការរៀបចំដោយគណបក្សប្រជាធិបតេយ្យ (Minjoo) និងគណបក្សអំណាចប្រជាជន (PPP) ដោយមានការគាំទ្រពីរដ្ឋសភា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ និង មានការចូលរួមពីតំណាងគណបក្សនយោបាយ អង្គទូត និងអង្គការអន្តរជាតិចំនួន៨៣ មកពី ៣៦ប្រទេស សរុបប្រមាណ ៣០០នាក់។ ពិធីបើកមហាសន្និបាត ICAPP លើកទី ១៣ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Cho Joeng-sik ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងជាអតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ព្រមទាំងមាន ការថ្លែងសារពិសេសរបស់លោក Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ។
សាធារណរដ្ឋកូរ៉េ និងកម្ពុជា គឺជាប្រទេស២ ក្នុងចំណោមសមាជិក ICAPP ទាំង ៥២ប្រទេស ដែលបានរៀបចំមហាសន្និបាត ICAPP ចំនួន ២លើក ដោយកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី១ នៅឆ្នាំ២០១០ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សនិងជាប្រធានមហាសន្និបាត លើកទី៦ ក្រោមប្រធានបទ «ការស្វែងរកអនាគតកាន់តែល្អប្រសើរសម្រាប់អាស៊ី» និងលើកទី២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាពនិងការផ្សះផ្សាជាតិ» នៅឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាប្រធានមហាសន្និបាត ICAPP លើកទី១២។
អង្គមហាសន្និបាតបានគាំទ្រចំពោះការលើកឡើងរបស់គណៈប្រតិភូកម្ពុជា និងបានដាក់បញ្ចូលក្នុងសេចក្តីប្រកាសទីក្រុងសេអ៊ូល អំពីសារៈសំខាន់នៃការកសាងទំនុកចិត្តឡើងវិញក្នុងកិច្ចការអន្តរជាតិ តាមរយៈការលើកកម្ពស់បរិយាបន្ននិងអព្យាក្រឹតភាព ការរក្សាឱ្យបាននូវភាពស៊ីសង្វាក់គ្នារវាងការប្តេជ្ញាចិត្ត និងការអនុវត្តជាក់ស្តែង ព្រមទាំងការសម្រេចលទ្ធផលតាមរយៈសកម្មភាពរួម។ ជាមួយគ្នានេះគណៈប្រតិភូកម្ពុជាក៏បាន លើកឡើងអំពីភាពចម្រុះនៃវប្បធម៌និងភាពសម្បូរបែបនៃបេតិកភណ្ឌអាស៊ី ដោយអំពាវនាវឱ្យពង្រឹងនិងពង្រីក កិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងការលើកកម្ពស់តម្លៃបេតិកភណ្ឌរួម តាមរយៈការអភិវឌ្ឍឧស្សាហកម្ម ច្នៃប្រឌិត ភាពជាដៃគូរវាងទីក្រុងប្រវត្តិសាស្ត្រ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងការអភិរក្សបេតិកភណ្ឌ។
អង្គមហាសន្និបាត បានអនុម័តជាឯកច្ឆន្ទលើសេចក្តីប្រកាសទីក្រុងសេអ៊ូល ដែលគូសបញ្ជាក់អំពី ការប្តេជ្ញាចិត្តរួមរបស់គណបក្សនយោបាយនៅអាស៊ី ក្នុងការកសាងទំនុកចិត្តឡើងវិញក្នុងបរិបទដែលពិភពលោក កំពុងប្រែប្រួល តាមរយៈកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការគោរពអធិបតេយ្យ និងបូរណភាពទឹកដី និងការដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ អង្គមហាសន្និបាតបានអំពាវនាវឱ្យគណបក្សនយោបាយ តភ្ជាប់រវាងរដ្ឋាភិបាល សភា និងប្រជាពលរដ្ឋ ព្រមទាំងបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រ ICAPP ដែលជាវេទិកាអន្តរគណបក្សដើម្បីជំរុញការទូតនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ឆ្ពោះទៅរកមាគ៌ា នៃសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវិបុលភាពរួមនៅអាស៊ីនិងអន្តរទ្វីប។
ស្របពេលជាមួយគ្នានេះ វេទិកាសារព័ត៌មាន ICAPP លើកទី៨ បានប្រព្រឹត្តទៅក្រោមប្រធានបទ «តួនាទី របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការកសាងទំនុកចិត្តឡើងវិញ» ដោយបានអនុម័តសេចក្តីថ្លែងការណ៍ទីក្រុងសេអ៊ូល ដែលសង្កត់ធ្ងន់លើសារៈសំខាន់នៃសេរីភាពនិងឯករាជ្យសារព័ត៌មាន ព្រមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ប្រកបដោយការទទួលខុសត្រូវ ដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត និងពង្រឹងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ។
គណបក្សប្រជាជនកម្ពុជា សូមអបអរសាទរចំពោះបក្សកុម្មុយនីស្តវៀតណាម ដែលនឹងទទួលធ្វើជា ម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១៤ នៅឆ្នាំ២០២៨៕





