FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈគ្រូពេទ្យកម្ពុជា៖ គ្រូពេទ្យល្អ មិនគ្រាន់តែមានចំណេះដឹងខ្ពស់ និងព្យាបាលជំងឺបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបន្តរៀនសូត្រ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងទទួលខុសត្រូវខ្ពស់ចំពោះជីវិត និងសុខភាពអ្នកជំងឺ

08-11-2026 14:40

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតី បើកទិវាអភិវឌ្ឍវិជ្ជាជីវៈបន្តលើកទី៧ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ លោកសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈគ្រូពេទ្យកម្ពុជា បានសង្កត់ធ្ងន់ថា កិត្តិយស និងទំនុកចិត្តរបស់វិជ្ជាជីវៈគ្រូពេទ្យ មិនត្រូវបានកសាងតាមរយៈចំណេះដឹង ឬសមត្ថភាពព្យាបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវបានកសាងតាមរយៈសុចរិតភាព ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះអ្នកជំងឺផងដែរ។

ដូច្នេះនាឱកាសបើកទិវាអភិវឌ្ឍវិជ្ជាជីវៈបន្តលើកទី៧ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកសាស្ត្រាចារ្យ បានអំពាវនាវដល់គ្រូពេទ្យគ្រប់រូបឱ្យចងចាំនូវគោលការណ៍សំខាន់បី រួមមាន៖ ១) បន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជានិច្ច ដើម្បីធានាថាយើងផ្ដល់សេវាដោយផ្អែកលើចំណេះដឹង និងភស្តុតាងវិទ្យាសាស្ត្រដែលទាន់សម័យ, ២) ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាពវិជ្ជាជីវៈ ដោយគោរពសិទ្ធិ សេចក្ដីថ្លៃថ្នូរ និងការសម្រេចចិត្តរបស់អ្នកជំងឺ, ៣) ដាក់សុវត្ថិភាព និងផលប្រយោជន៍អ្នកជំងឺជាអាទិភាពខ្ពស់បំផុត ក្នុងរាល់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការផ្ដល់សេវាសុខាភិបាល។

ជារួមលោកសាស្ត្រាចារ្យបានថ្លែងបន្តថា «គ្រូពេទ្យល្អ មិនមែនគ្រាន់តែជាអ្នកដែលមានចំណេះដឹងខ្ពស់ និងព្យាបាលជំងឺបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបន្តរៀនសូត្រ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងមានការទទួលខុសត្រូវខ្ពស់ចំពោះជីវិត និងសុខភាពរបស់អ្នកជំងឺ»។

លោកសាស្ត្រាចារ្យបានលើកឡើងទៀតថា ទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) លើកទី៧ របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ក្រោមប្រធានបទ «សុខភាព និងជីវិត» ជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្ដូរចំណេះដឹង បទពិសោធន៍វិទ្យាសាស្ត្រ និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈគ្រូពេទ្យនៅកម្ពុជា។ ជាពិសេសមិនត្រឹមតែផ្ដល់ចំណេះដឹងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យគ្រូពេទ្យមានការឆ្លុះបញ្ចាំង និងកែលម្អការអនុវត្តវិជ្ជាជីវៈរបស់ខ្លួនជាបន្តបន្ទាប់។ ហើយក្នុងនាមជាស្ថាប័ននិយ័តកម្មវិជ្ជាជីវៈ គណៈគ្រូពេទ្យកម្ពុជា មានភារកិច្ចធានាថា គ្រូពេទ្យដែលប្រកបវិជ្ជាជីវៈត្រូវមានគុណវុឌ្ឍិ និងសមត្ថភាពត្រឹមត្រូវ គោរពច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈ។

មុននឹងបញ្ចប់លោកសាស្ត្រាចារ្យ ក៏បានថ្លែងអំណរគុណជាថ្មីចំពោះក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ ដែលបានបន្តខិតខំរៀបចំវេទិកាវិទ្យាសាស្ត្រនេះឡើង។ ទន្ទឹមនឹងនោះលោកបានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី-ខេត្តទាំងអស់ បន្តពង្រឹងកិច្ចសហការជាមួយគណៈគ្រូពេទ្យកម្ពុជា សមាគមវិជ្ជាជីវៈ និងគ្រឹះស្ថានសុខាភិបាល ដើម្បីពង្រីកឱកាសសិក្សា និងអភិវឌ្ឍសមត្ថភាពដល់គ្រូពេទ្យនៅទូទាំងប្រទេស៕