FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុម AOT បន្តចុះសួរសុខទុក្ខជនភៀសសឹកខ្មែរស្លូតត្រង់ កំពុងស្នាក់នៅភូមិរង់ចាំ ដែលមិនទាន់វិលត្រឡប់ទៅលំនៅឋានវិញដោយសារយោធាថៃ ឈ្លានពានកាន់កាប់ដោយខុសច្បាប់

08-11-2026 14:30

(បន្ទាយមានជ័យ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមអ្នកសម្របសម្រួល (CLG) កម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលពួកគាត់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋាន និងជីវភាពរស់នៅរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃ នៅតំបន់មួយចំនួនតាមរយៈការរាយបន្លាលួស ទូកុងតឺន័រ រួមទាំងផ្ទះសម្បែងក៏ត្រូវបានបំផ្លិចបំផ្លាញ។

ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដល់ទីតាំងជាក់ស្តែង ពិតជាផ្ដល់ឱកាសឱ្យគណៈប្រតិភូបានឃើញដោយផ្ទាល់នូវផលប៉ះពាល់មនុស្សធម៌ដែលប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅតែបន្តប្រឈម និងមើលឃើញយ៉ាងច្បាស់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំណុចទីបួនរបស់សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

សូមគូសបញ្ជាក់ផងដែរថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត៕