មន្ទីរបរិស្ថានខេត្តក្រចេះ ច្រានចោលការចោទប្រកាន់ជំរិតទារប្រាក់ពីពលរដ្ឋរុករករ៉ែមាសខុសច្បាប់
08-11-2026 13:30
(ក្រចេះ)៖ មន្ទីរបរិស្ថានខេត្តក្រចេះ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានមួយ ដោយធ្វើការបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន SOI News ដែលបានចោទប្រកាន់ថា មន្ត្រីឧទ្យានុរក្ស និងកម្លាំងចម្រុះបានជំរិតទារប្រាក់ចំនួន ២០លានរៀលពីប្រជាពលរដ្ឋរុករករ៉ែមាសខុសច្បាប់។
យោងតាមសេចក្តីបំភ្លឺព័ត៌មានបានឱ្យដឹងថា ការចុះផ្សាយរបស់សារព័ត៌មាន SOI News កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលថា មន្ត្រីឧទ្យានុរក្សខេត្ត និងកម្លាំងអនុសេនាធំលេខ៣ (គ៣) បានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៩នាក់ ក្នុងសកម្មភាពរុករករ៉ែមាសខុសច្បាប់នៅដែនជម្រកសត្វព្រៃព្រៃឡង់ (ភូមិសាស្ត្រខេត្តកំពង់ធំ) ហើយបានជំរិតទារប្រាក់ ២០លានរៀលជាថ្នូរនឹងការដោះលែងនោះ គឺ «គ្មានមូលដ្ឋានច្បាស់លាស់ គ្មានអង្គហេតុគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ»។
មន្ទីរបរិស្ថានខេត្តក្រចេះ បានលម្អិតអំពីអង្គហេតុជាក់ស្តែងថា កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ កម្លាំងមន្ត្រីឧទ្យានុរក្ស សហការជាមួយកងអនុសេនាធំលេខ៣ (គ៣) បានចុះល្បាតតាមព្រំប្រទល់ខេត្តក្រចេះ និងខេត្តកំពង់ធំ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។ ពេលនោះក្រុមការងារបានប្រទះឃើញសកម្មភាពរុករករ៉ែដោយប្រើប្រាស់ម៉ាស៊ីនគោយន្តបូម និងចាក់ទរជាច្រើនកន្លែង។
ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចបានត្រឹមតែចូលទៅឃាត់ និងធ្វើការអប់រំណែនាំអំពីច្បាប់ក្រមបរិស្ថាន ព្រមទាំងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ ស្តីពីការហាមឃាត់ការរុករករ៉ែមាសខុសច្បាប់គ្រប់រូបភាព។ ជាមួយគ្នានោះ សមត្ថកិច្ចបានតម្រូវឱ្យពលរដ្ឋទាំងនោះបញ្ឈប់សកម្មភាពល្មើសច្បាប់ និងរុះរើសម្ភារៈត្រឡប់ទៅផ្ទះវិញប៉ុណ្ណោះ ដោយពុំមានការជំរិតទារប្រាក់ដូចការលើកឡើងនោះឡើយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មន្ទីរបរិស្ថានខេត្តក្រចេះបានស្នើឱ្យអង្គភាពសារព័ត៌មាន SOI News ប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងចុះផ្សាយ និងត្រូវកែសម្រួលខ្លឹមសារឡើងវិញ ដើម្បីកុំឱ្យសាធារណជនយល់ច្រឡំមកលើមន្ត្រីសមត្ថកិច្ច ដែលកំពុងខិតខំបំពេញតួនាទីការពារធនធានធម្មជាតិ៕





