វេទិកាអ្នកផលិតមាតិកា ត្រូវបានធ្វើឡើងក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការពង្រឹងស្មារតីជាតិ»
08-11-2026 13:01
(ភ្នំពេញ)៖ ឫសគល់ ប្រវត្តិសាស្ត្រ វប្បធម៌ និងអ្វីដែលជាតិយើងបានឆ្លងកាត់ ជាមូលដ្ឋានដែលបណ្ដុះមោទនភាព និងស្មារតីស្រឡាញ់ជាតិក្នុងចិត្តកូនខ្មែរ។ ការស្គាល់ថា យើងជានរណា ដូនតាបានបន្សល់ទុកអ្វីខ្លះ និងបានលះបង់ប៉ុនណាដើម្បីថែរក្សាជាតិ ធ្វើឱ្យយើងកាន់តែយល់ពីតម្លៃនៃអ្វីដែលយើងមានសព្វថ្ងៃ។
នៅវេទិកាអ្នកផលិតមាតិកា ក្រោមប្រធានបទ «ការពង្រឹងស្មារតីជាតិ» ក្នុងពិព័រណ៍ផលិតផលខ្មែរ ឆ្នាំ២០២៦ វាគ្មិនដែលជាអ្នកផលិតមាតិកា បានចែករំលែកពីស្មារតីស្រឡាញ់ជាតិ ដែលកើតចេញពីការស្គាល់ឫសគល់ ការចងចាំប្រវត្តិសាស្ត្រ និងការយល់ពីតម្លៃនៃការរួបរួមគ្នា។ ស្មារតីនេះជំរុញឱ្យយើងចេះគិតពីប្រយោជន៍រួម ជួយគ្នាក្នុងគ្រាលំបាក និងមានឆន្ទៈលះបង់ដើម្បីជាតិ តាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
សម្រាប់អ្នកផលិតមាតិកា ការចូលរួមនោះអាចចាប់ផ្ដើមពីការប្រើសំឡេង និងស្នាដៃរបស់ខ្លួន ដើម្បីឱ្យមនុស្សកាន់តែស្គាល់ឫសគល់ យល់ពីប្រវត្តិសាស្ត្រ និងឱ្យតម្លៃលើអត្តសញ្ញាណខ្មែរ។ មាតិកាដែលមានការទទួលខុសត្រូវ អាចជួយបន្តការចងចាំរបស់ជាតិទៅដល់យុវជន និងជំរុញឱ្យពួកគេចូលរួមកសាងអនាគតប្រទេសដោយសមត្ថភាពរបស់ខ្លួន៕













