យល់ដឹងពីជំនួញ៖ អ្នកឧកញ៉ា សៀ រិទ្ធី លើកឡើងពីបច្ចេកទេសមួយចំនួន ជួយជំរុញការអភិវឌ្ឍន៍វិស័យ SMEs នៅកម្ពុជាឱ្យមានលទ្ធភាពពង្រីកខ្លួនកាន់តែធំ និងមាននិរន្តរភាព (Video inside)
08-11-2026 12:14
(ភ្នំពេញ)៖ មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យជំនួញ អ្នកឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group បានលើកឡើងពីបច្ចេកទេសមួយចំនួនដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) ដែលម្ចាស់សហគ្រាស ឬសហគ្រិនគួរតែឈ្វេងយល់បន្ថែម ដើម្បីជំរុញឱ្យអាជីវកម្មរបស់ខ្លួនមានលទ្ធភាពពង្រីកខ្លួនកាន់តែធំ និងមាននិរន្តរភាព។
លោកបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះគឺជាឱកាសមាសសម្រាប់វិស័យ SMEs ដោយសារការផ្លាស់ប្តូរទីផ្សារ ពលរដ្ឋងាកមកគាំទ្រផលិតផលខ្មែរ និងការគាំទ្រពីរដ្ឋាភិបាល។
អ្នកឧកញ៉ាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃ «ចិត្តចង់» និង «ទីផ្សារ» ដែលជាកត្តាចម្បង រួមជាមួយការប្រើប្រាស់ធនធានហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ដែលរដ្ឋាភិបាលបានគាំទ្រពេញលេញ។ ជាមួយគ្នានេះ ការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងការស្វែងរកប្រភពផ្គត់ផ្គង់ក្នុងស្រុក ក៏ជាចំណុចគន្លឹះដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ដែលត្រូវតែគិតគូរផងដែរ។
បន្ថែមពីនេះ អ្នកឧកញ៉ា សៀ រិទ្ធី ក៏បានលើកទឹកចិត្តឲ្យម្ចាស់ SMEs ផ្លាស់ប្តូរផ្នត់គំនិតអាជីវកម្មពីលក្ខណៈប្រពៃណី មកប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់រដ្ឋាភិបាលឆ្នាំ២០២១-២០៣៥ និងជំរុញការបង្កើត Platform សម្រាប់ទិញទំនិញ គួរតែផ្តោតលើភាពងាយស្រួល និងសាមញ្ញ ជៀសវាងការចម្លងពីបរទេស។
លោកក៏លើកទឹកចិត្តឱ្យប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងជួយវិភាគទិន្នន័យអាជីវកម្ម ដែលអាចជួយវិភាគបានយ៉ាងល្អិតល្អន់ ចាប់ពីទុនផលិត រហូតដល់ការរកទីផ្សារ និងអ្នកផ្គត់ផ្គង់ ដែលជួយកាត់បន្ថយថ្លៃដើមយ៉ាងច្រើន។ លើសពីនេះ ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព ដូចជា First Mile និង Last Mile អាចជួយកាត់បន្ថយការចំណាយលើការដឹកជញ្ជូនបានយ៉ាងច្រើន។
លើសពីនេះ អ្នកឧកញ៉ា សៀ រិទ្ធី លើកឡើងផងដែរពីព័ត៌មានទីផ្សារដែលអ្នកផលិតត្រូវដឹង។ អ្នកឧកញ៉ាបានបញ្ជាក់ថា ការធ្វើអាជីវកម្មដោយគ្មានទិន្នន័យច្បាស់លាស់អំពីតម្រូវការទីផ្សារ អាចនាំឱ្យមានការប្រកួតប្រជែងតម្លៃ និងប៉ះពាល់ដល់គុណភាព។ ដូច្នេះ ការរួបរួមគ្នា និងការមានព័ត៌មានត្រឹមត្រូវ គឺជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យ និងនិរន្តរភាពអាជីវកម្ម។
អ្នកឧកញ៉ា សៀ រិទ្ធី លើកឡើងបែបនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពី ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs តាមរយៈទិន្នន័យ និងថ្នាលឌីជីថល នៅក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៦៕
សូមស្តាប់ការពន្យល់លម្អិតទាំងស្រុងរបស់អ្នកឧកញ៉ា សៀ រិទ្ធី ៖
