FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់៖ «ហ្វ្រង់កូហ្វូនី មិនត្រឹមតែជាការចែករំលែកភាសាប៉ុណ្ណោះទេ ប៉ុន្តែជាការចែករំលែកវប្បធម៌ សាមគ្គីភាព ការសន្ទនា និងការបើកចំហទៅកាន់ពិភពលោក»

08-11-2026 09:55

(សៀមរាប)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Francophonie Village 2026) នៅខេត្តសៀមរាប ដោយមានការយាង និងអញ្ជើញចូលរួមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភា និងជាប្រធានសមាគមសម្ព័ន្ធភាពបារាំង (Alliance Française), លោក NGUYEN Minh Vu ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា, លោក គឹម សុធិន តំណាងលោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ម៉ុល វិបុល តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោកស្រី ម៉ានី រាំងសី តំណាងលោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប, លោក François SCHNOEBELEN ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាប្រចាំខេត្តសៀមរាប ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូសហគមន៍ធុរកិច្ច សិល្បករ និងភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង ៦០០នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនៅខេត្តសៀមរាប បានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ប្រចាំឆ្នាំ និងជាវេទិកាសម្រាប់ការជួបជុំ ការស្វែងយល់ និងការផ្លាស់ប្តូរបទពិសោធន៍ ដោយប្រមូលផ្តុំសហគមន៍អ្នកប្រើប្រាស់ភាសាបារាំង ធុរជន សិល្បករ យុវជន និងសាធារណជនទូទៅ ដើម្បីចែករំលែក និងបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌របស់ប្រទេសនានា។

លោករដ្ឋមន្ត្រីបានបន្តថា ហ្វ្រង់កូហ្វូនីមិនត្រឹមតែជាការចែករំលែកភាសាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតំណាងឱ្យតម្លៃនៃសាមគ្គីភាព ភាពចម្រុះនៃវប្បធម៌ ការសន្ទនា និងការបើកចំហទៅកាន់ពិភពលោកផងដែរ។

លោកបានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍នេះស្របតាមគោលដៅរបស់ក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែមានភាពចម្រុះ បរិយាបន្ន និងចីរភាព តាមរយៈការបង្កើនបទពិសោធន៍ជូនភ្ញៀវទេសចរ ការលើកកម្ពស់ទេពកោសល្យ និងស្នាដៃក្នុងស្រុក ការគាំទ្រអាជីវកម្ម និងការបង្កើតឱកាសសេដ្ឋកិច្ចថ្មីៗជូនសហគមន៍មូលដ្ឋាន។

ជាមួយគ្នានេះ ការដាក់តាំងស្តង់ជាង ៥០ស្តង់ ដោយមានការចូលរួមពីប្រទេសវៀតណាម ឡាវ និងប្រទេសផ្សេងៗទៀត បានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងសក្តានុពលទេសចរណ៍របស់ប្រទេសនានា ព្រមទាំងរួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ ចូលរួមអបអរសាទរព្រឹត្តិការណ៍ភូមិហ្វ្រង់កូហ្វូនីនៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសួនសាធារណៈវត្តបុទុមវតី ក្រោមប្រធានបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្វ្រង់កូហ្វូនី»។

ព្រឹត្តិការណ៍រយៈពេល ៥ថ្ងៃនេះ នឹងមានកម្មវិធីជាច្រើន រួមមាន សន្និសីទ ការផ្លាស់ប្តូរមតិយោបល់ ការសម្តែងសិល្បៈ និងការស្វែងយល់ពីម្ហូបអាហារ ដើម្បីបង្កើតឱកាសជួបជុំ ផ្លាស់ប្តូរវប្បធម៌ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។

សូមជម្រាបថា ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការពង្រឹងកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងជាឱកាសដ៏វិសេសវិសាលក្នុងការបង្ហាញពីបេតិកភណ្ឌ វប្បធម៌ ភាពរស់រវើកនៃសេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា ដែលត្រូវបានស្គាល់ជាសកលតាមរយៈ «ស្នាមញញឹមខ្មែរ»៕