FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធនាគារជាតិនៃកម្ពុជា និង HFHI ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ

07-11-2026 23:11

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបគណៈប្រតិភូអង្គការលំនៅឋានមនុស្សជាតិអន្តរជាតិ (HFHI) ដឹកនាំដោយលោក Jonathan T. M. Reckford នាយកប្រតិបត្តិ HFHI ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការ លើការលើកកម្ពស់ហិរញ្ញប្បទានលំនៅឋានតម្លៃសមរម្យ និងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ជំនួបនេះបានរៀបចំឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។ ក្នុងជំនួបនោះបានផ្ដោតលើការពិភាក្សាអំពីលទ្ធភាពជំរុញ ការផ្ដល់ហិរញ្ញប្បទានលំនៅឋាន ដែលមានលក្ខខណ្ឌសមស្រប និងអាចឆ្លើយតបទៅនឹងតម្រូវការ របស់គ្រួសារដែលមានចំណូលទាប ស្របតាមទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល។

លោក Jonathan T. M. Reckford បានចែករំលែកអំពីបទពិសោធន៍របស់ HFHI ក្នុងការផ្ដល់ជំនួយបច្ចេកទេស និងការគាំទ្រដល់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍផលិតផលឥណទានសម្រាប់លំនៅឋាន។

លោកបានបន្តថា «គំនិតផ្ដួចផ្ដើមនេះមានគោលដៅជួយឱ្យគ្រួសារដែលមានចំណូលទាបអាចទទួលបានលទ្ធភាពកែលម្អស្ថានភាពរស់នៅ ជាពិសេសការកែលម្អលំនៅឋាន និងអនាម័យឱ្យកាន់តែប្រសើរឡើង»។

កិច្ចពិភាក្សាក៏បានលើកឡើងពីសារៈសំខាន់នៃកិច្ចសហការរវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការផ្ដល់ហិរញ្ញប្បទានលំនៅឋានប្រកបដោយចីរភាព និងបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ។

ជាការឆ្លើយតបបណ្ឌិត ជា សិរី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានលំនៅឋានដែលមានលក្ខខណ្ឌសមស្រប ដោយត្រូវដើរទន្ទឹមគ្នាជាមួយនឹងការផ្ដល់ឥណទាន ប្រកបដោយការទទួលខុសត្រូវ និងការការពារអតិថិជន ប្រកបដោយប្រសិទ្ធភាព ដើម្បីធានាថា ការទទួលបានឥណទានមិនក្លាយជាបន្ទុកហិរញ្ញវត្ថុដល់គ្រួសារឡើយ។

លោកស្រីទេសាភិបាល ក៏បានស្វាគមន៍ ចំពោះលទ្ធភាពដែល HFHI អាចចូលរួមចែករំលែកបទពិសោធន៍ និងឧត្ដមានុវត្តន៍ក្នុងកិច្ចពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ និងវិនិយោគិន ដើម្បីពង្រឹងការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវ ព្រមទាំងធានាថា ផលិតផលហិរញ្ញវត្ថុអាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្ដែងរបស់គ្រួសារកម្ពុជា។

កិច្ចសហប្រតិបត្តិការនេះត្រូវបានចាត់ទុកថា ជាឱកាសមួយក្នុងការជំរុញការអភិវឌ្ឍហិរញ្ញប្បទានលំនៅឋានប្រកបដោយបរិយាបន្ន និងចីរភាព ព្រមទាំងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡើង៕