សម្តេចមហាបវរធិបតី៖ អត្ថន័យចម្រៀង «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» បញ្ជាក់ច្បាស់ ហេតុអ្វីត្រូវអត់ធ្មត់ និងដោះស្រាយបញ្ហាតាមច្បាប់អន្តរជាតិ?
07-11-2026 21:56
(ភ្នំពេញ)៖ «ម៉ែ! ពេលចប់សង្រ្គាមពុកមកវិញទេ?» ចម្រៀងរៀបរាប់ពីជីវិតកុមារីមួយរូប ព្រួយបារម្ភពីឪពុកជាវីរៈកងទ័ពយកទ្រូងការពារទឹកដី ត្រូវបានគេលើកយកបង្ហាញក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣។
ទស្សនីយភាពសិល្បៈមួយនេះ បាននាំឱ្យមនុស្សដ៏ច្រើនសន្ធាប់សោកសៅទឹកភ្នែករមៀលធ្លាក់កាត់ផែនថ្ពាល់មិនដឹងខ្លួន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈកាមេរាចាប់បង្ហាញឱ្យឃើញនូវទឹកមុខស្រងូតស្រងាត់ដែរ។
បទចម្រៀងនេះ ត្រូវបានសម្តេចមហាបវរធិបតី យកមកផ្សាយបន្តលើបណ្តាញសង្គម ហើយរំលេចថា «ស្តាប់បទចម្រៀងនេះ ដែលច្រៀងដោយក្មួយស្រីម្នាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែររាប់ម៉ឺនគ្រួសារដែលរងគ្រោះដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែន បងប្អូនអាចយល់ពីការឈឺចាប់ដោយសារសង្គ្រាមសម្រាប់គ្រួសារប្រជាពលរដ្ឋខ្មែរយើង»។
សម្តេចបន្ថែមថា «បងប្អូនក៏អាចយល់បានថា ហេតុអ្វីបានជាយើងត្រូវខិតខំអត់ធ្មត់ ហើយព្យាយាម ដោះស្រាយបញ្ហាទឹកដីដោយសន្តិវិធី តាមច្បាប់អន្តរជាតិអោយអស់លទ្ធភាព។ ព្រោះយើងមិនចង់ឃើញប្រជាពលរដ្ឋយើងត្រូវរងការឈឺចាប់បែបនេះទៀតដោយមិនចាំបាច់»៕

