FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំព្រឹត្តិការណ៍កីឡាជាតិ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះតម្លៃដ៏វិសេសរបស់កីឡាករ កីឡាការិនី ពិសេសជនមានពិការភាព (Video inside)

07-11-2026 20:22

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើង និងបើកជាផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់​រាជរដ្ឋាភិបាល​ចំពោះ​តម្លៃ​ដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថ​សង្គមចំពោះ​ជន​មានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។

ថ្លែងក្នុងពិធីបើកការប្រកួត កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមបុព្វបទ «កីឡាដើម្បីឯកភាព​ជាតិ» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការរៀបចំឲ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្តួចផ្តើម ប្រកប​ដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្តី ក្នុងគោលបំណងផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពីរាជធានី ខេត្ត​ទាំង​២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងដុសខាត់ស្មារតី ឆន្ទៈ និងសាមគ្គីភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍នេះ ក៏ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់​រាជរដ្ឋាភិបាល​ចំពោះ​តម្លៃ​ដ៏វិសេសរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថ​សង្គមចំពោះ​ជន​មានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាប័ន្ន និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល»។

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ការរៀបចំព្រឹត្តិការកីឡាជាតិ និងកីឡាជាតិជនពិការ មានគោលបំណង​សំខាន់​មួយទៀត គឺការត្រៀមលក្ខណៈសម្បត្តិឱ្យ​បានរួចរាល់ និងកាន់តែប្រសើរឡើង​ថែម​ទៀត សម្រាប់ចូលរួម ក៏ដូចជា រៀបចំព្រឹត្តិការណ៍កីឡា​កម្រិតតំបន់ និងអន្តរជាតិនាពេល​ខាង​មុខ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដទៀតថា រាជរដ្ឋាភិបាលបានដាក់ចេញទិសដៅច្បាស់លាស់ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់​ផ្ទះ​ក្នុងការរៀបចំ៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028), ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ ២០​២៩ (Asian Youth Para Games 2029) និងការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ (Asian Youth Games 2031)។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានសិក្សាដាក់ចេញនូវ​គោល​នយោបាយ, ផែនការយុទ្ធសាស្រ្ត និងវិធានការប្រាកដនិយម ដើម្បីលើកកម្ពស់វិស័យអប់​រំ​កាយ និងកីឡានៅកម្ពុជា។ សម្ដេចក៏បានកោតសរសើរក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មា​ធិការជាតិអូឡាំពិកកម្ពុជា, គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, សហព័ន្ធកីឡាជាតិ និងអ្នកពាក់ព័ន្ធទាំងអស់ ចំពោះកិច្ចសហការ និងកិច្ចសហប្រតិបត្តិការល្អ ក្នុងការរៀបចំកម្មវិធី និងទីកន្លែងប្រកួតទាំងអស់បានច្បាស់លាស់ និងរៀបរយតាមនិយាមបច្ចេកទេស ដូចការគ្រោងទុក៕