FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងនោះទេ តែក៏ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ (Video inside)

07-11-2026 20:02

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគូសបញ្ជាក់ពីសារៈសំខាន់នៃកីឡា ដោយបញ្ជាក់ថា កីឡាមិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រាប៉ុណ្ណោះទេ ប៉ុន្តែកីឡា គឺជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយសម្បទារឹងមាំ មានវិន័យខ្ពស់ ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីភាពបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ​លើក​ទី៣ ប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ប្រារព្ធឡើងក្រោម​​​បុព្វបទ «កីឡាដើម្បីឯកភាពជាតិ» ជាពិសេសក្នុងបរិបទដែលកម្ពុជា ប្រាថ្នាចង់បាន​សន្តិភាព និងស្ថិរភាពជាតិ ក្នុងនោះស្មារតីកីឡា គឺជាស្ពានភ្ជាប់បេះដូងជាមួយប្រជាជន លើកកម្ពស់សាមគ្គីភាព និងបណ្តុះស្មារតីស្នេហាជាតិ។

នាឱកាសនោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «កីឡា មិនមែនគ្រាន់តែជាសកម្មភាពប្រកួតប្រជែងដើម្បីដណ្តើមមេដាយ ឬបំបែកកំណត់ត្រា​នោះទេ។ កីឡា ជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងមនុស្សឱ្យមានសុខភាពល្អ កាយ​សម្ប​ទារឹងមាំ, វិន័យ, ការទទួលខុសត្រូវ និងស្មារតីសហការជាក្រុម, កីឡាក៏ជាសាលារៀន​សម្រាប់អប់រំមនុស្សឱ្យចេះគោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរ​ឡើងវិញនៅពេលបរាជ័យ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការរៀបចំការប្រកួតកីឡាជាតិរៀងរាល់ពីរឆ្នាំម្តង ជាយុទ្ធសាស្រ្តលើកកម្ពស់សកម្មភាព​អប់រំ​កាយ និងកីឡាក្នុងសង្គមកម្ពុជា ជាឧបករណ៍សម្រាប់វាស់ស្ទង់សមត្ថភាពអត្តពលិក និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា ដើម្បីត្រៀមខ្លួនសម្រាប់​ការ​ប្រកួត និងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់តំបន់ និងអន្តរជាតិនាពេលអនាគត ព្រមទាំងជាយន្តការត្រួតពិនិត្យវឌ្ឍនភាព និង វាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត ដើម្បីដាក់ចេញទិសដៅអភិវឌ្ឍបន្ត។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកីឡាជាតិជនពិការ រួមជាមួយការប្រកួតកីឡាជាតិ គឺដើម្បីបង្ហាញថាសមត្ថភាពរបស់មនុស្សមិនមែនវាស់វែងដោយផ្អែកទាំងស្រុងលើកាយសម្បទានោះទេ, ពោលគឺត្រូវកំណត់ដោយផ្អែកលើទេពកោសល្យ ការខិតខំព្យាយាម និងសមិទ្ធផលដែលពួកគេសម្រេចបាន។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា កីឡាករ កីឡាការិនីមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់, ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ ខណៈដែល​ការចូលរួមរបស់ពួកគេ រំឭកយើងថាឧបសគ្គមិនមែនជាហេតុផលត្រឹមត្រូវនៃការបោះបង់ឱកាសនោះទេ៕