FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឃឹង សារ៉ាត់ តំណាងរបស់នាយឧត្តមសេនីយ៍ ស ថេត ហែរអង្គកឋិនទានសាមគ្គី វេរប្រគេនបច្ច័យជាង ៤៣ លានរៀល ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអរញ្ញរតនារាម ខេត្តព្រៃវែង

07-11-2026 17:27

(ព្រៃវែង)៖ លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំថ្មពួន រួមជាមួយលោកស្រី ឆាយ សាលីន តំណាងរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញហែរអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តអរញ្ញរតនារាម ហៅវត្តទួលព្រៃសំរោង ស្ថិតក្នុងឃុំថ្មពួន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្នុងពិធីបុណ្យប្រពៃណីជាតិដ៏មានតម្លៃនេះ ទេយ្យវត្ថុ គ្រឿងបរិក្ខារ និងបច្ច័យសរុបជាង ៤៣ លានរៀល ដែលជាសទ្ធាជ្រះថ្លារបស់នាយឧត្ដមសេនីយ៍ ស ថេត និងលោកស្រី តាមរយៈលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងសមិទ្ធផលនានាក្នុងវត្ត និងទ្រទ្រង់ព្រះពុទ្ធសាសនា។

លោក ឃឹង សារ៉ាត់ បានគូសបញ្ជាក់ថា វិស័យសាសនា និងសង្គមត្រូវដើរទន្ទឹមគ្នា ព្រោះព្រះពុទ្ធសាសនាជួយអប់រំចិត្តគំនិត សីលធម៌ និងសាមគ្គីភាពក្នុងសង្គម។

លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមគ្នាលុបបំបាត់ និងទប់ស្កាត់បញ្ហាគ្រឿងញៀន ព្រមទាំងអនុវត្តឱ្យបានម៉ឺងម៉ាត់នូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព៕