វិទ្យាស្ថាន NPIA ខេត្ដសៀមរាបនៃក្រសួងការងារ បានផ្តើមបើកការធ្វើតេស្តទទួលស្គាល់ជំនាញជំហ៊ានទី២ដល់អតីតពលករមកពីថៃ «សូមមកធ្វើតេស្តដោយឥតគិតថ្លៃ»
07-11-2026 16:47
(សៀមរាប)៖ មជ្ឈមណ្ឌលវាយតម្លៃ RPL នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសជាតិអង្គរ (NPIA) ខេត្ដសៀមរាបរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមអនុវត្តកម្មវិធីវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន (RPL) ដំណាក់កាលទី២ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយមានគោលដៅវាយតម្លៃ និងទទួលស្គាល់ជំនាញជូនអតីតពលករចំនួន ៣,១០៦នាក់ ដើម្បីជួយពង្រឹងសមត្ថភាព និងបង្កើនឱកាសទទួលបានការងារធ្វើ។
លោក មឿន ថាណាក់ នាយករងនៃវិទ្យាស្ថាន NPIA ដែលទទួលបន្ទុកអនុវត្តកម្មវិធី RPL បានឱ្យដឹងថា ក្នុងរយៈពេល ៨ថ្ងៃដំបូងនៃការអនុវត្តកម្មវិធីនេះ មានអតីតពលករសរុបចំនួន ៥៩៦នាក់ បានចូលរួមធ្វើតេស្តវាយតម្លៃ និងទទួលស្គាល់ជំនាញពីមុន។
លោកបានបញ្ជាក់ថា សម្រាប់ការអនុវត្តកម្មវិធីនេះ វិទ្យាស្ថានបានត្រៀមលក្ខណៈរួចរាល់ទាំងធនធានមនុស្ស សម្ភារៈ បរិក្ខារ និងទីតាំងសម្រាប់ការវាយតម្លៃជំនាញ។ ជាមួយគ្នានេះ វិទ្យាស្ថានក៏បានរៀបចំផែនការចុះផ្សព្វផ្សាយ និងជ្រើសរើសអតីតពលករតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាបផងដែរ។
លោក មឿន ថាណាក់ បានបន្ថែមថា កម្មវិធី RPL ដំណាក់កាលទី២ នៅវិទ្យាស្ថាន NPIA នឹងផ្តោតលើការវាយតម្លៃ និងទទួលស្គាល់ជំនាញចំនួន ៨ រួមមាន ការផ្សារអគ្គិសនី ការងារលាបថ្នាំអគារ ការងារការ៉ូ ការដំឡើងពុម្ព ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ការដំឡើងបណ្តាញបំពង់ទឹក ការដំឡើងសរសៃដែក និងការងារកំបោរ។
លោកបានបញ្ជាក់ថា តាមរយៈកម្មវិធីនេះ អតីតពលករដែលមានចំណេះដឹង និងបទពិសោធន៍ការងារពីមុន នឹងមានឱកាសទទួលបានវិញ្ញាបនបត្របញ្ជាក់សមត្ថភាពវិជ្ជាជីវៈ ដោយមិនចាំបាច់ចំណាយពេលសិក្សាជំនាញឡើងវិញ ប្រសិនបើពួកគេមានសមត្ថភាពគ្រប់គ្រាន់តាមលក្ខខណ្ឌវាយតម្លៃ។ ការទទួលស្គាល់នេះអាចជួយពង្រីកឱកាសស្វែងរកការងារ និងជំរុញការរីកចម្រើនក្នុងអាជីពការងាររបស់អតីតពលករនាពេលអនាគត។
ជាមួយគ្នានេះ ការចុះឈ្មោះត្រូវភ្ជាប់មកជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬ លិខិតឆ្លងដែន ឬឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀតចេញដោយអាជ្ញាធរមានសមត្ថកិច្ច និងរូបថតបច្ចុប្បន្នទំហំ ៤x៦ ថតចំពីមុខ ផ្ទៃពណ៌ស ចំនួន ៣សន្លឹក៕







