FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា សម្ពោធជាផ្លូវការសហព័ន្ធអតីតនិស្សិតខ្មែរនៅអ៊ីស្រាអែល និងក្លឹបសន្តិភាព ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស

07-11-2026 16:41

(ភ្នំពេញ)៖ ស្ថានទូតអ៊ីស្រាអែលប្រចាំកម្ពុជា សហការជាមួយសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល (CICC) និងសហព័ន្ធអតីតនិស្សិតខ្មែរនៅអ៊ីស្រាអែល (ACI) បានរៀបចំពិធីសម្ពោធជាផ្លូវការសហព័ន្ធអតីតនិស្សិតខ្មែរនៅអ៊ីស្រាអែល និងក្លឹបសន្តិភាព (Shalom Club) នៅកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំអតីតនិស្សិត អ្នកហាត់ការ និងពលករកម្ពុជាដែលធ្លាប់សិក្សា ទទួលការបណ្តុះបណ្តាល ឬធ្វើការនៅអ៊ីស្រាអែល ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍មកចូលរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។

ពិធីសម្ពោធនេះមានការចូលរួមពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, លោក Rami Teplitskiy អនុប្រធានបេសកកម្មការទូតអ៊ីស្រាអែលប្រចាំកម្ពុជា, លោកស្រី Shai Revivo ប្រធានផ្នែកកិច្ចការកម្ពុជានៃស្ថានទូតអ៊ីស្រាអែល ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ និងអតីតនិស្សិតកម្ពុជាដែលធ្លាប់ទទួលបានការបណ្តុះបណ្តាលនៅប្រទេសអ៊ីស្រាអែល។

សហព័ន្ធ ACI នឹងដើរតួនាទីជាបណ្តាញរួមមួយ សម្រាប់ប្រជាជនកម្ពុជា ដែលធ្លាប់មានបទពិសោធន៍សិក្សា បណ្តុះបណ្តាល និងការងារនៅអ៊ីស្រាអែល ដោយជួយរក្សាទំនាក់ទំនង ប្រមូលផ្តុំចំណេះដឹង និងជំរុញឱ្យជំនាញដែលទទួលបានពីប្រទេសអ៊ីស្រាអែល ត្រូវបានយកមកអនុវត្តប្រកបដោយប្រសិទ្ធភាពនៅកម្ពុជា។

ចំណែកក្លឹបសន្តិភាព (Shalom Club) គឺជាផ្នែកមួយនៃបណ្តាញអតីតនិស្សិតអន្តរជាតិរបស់ MASHAV ដែលជាទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់អ៊ីស្រាអែល។ ក្លឹបនេះមានគោលបំណងផ្តល់វេទិកាដល់អតីតនិស្សិត ដើម្បីផ្លាស់ប្តូរចំណេះដឹង កសាងទំនាក់ទំនងវិជ្ជាជីវៈ និងអភិវឌ្ឍគម្រោងជាក់ស្តែងនៅក្នុងសហគមន៍របស់ខ្លួន។

លោក ហេង សួរ បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះការបង្កើត ACI និង Shalom Club ដោយចាត់ទុកថា ជាស្ពានដ៏សំខាន់មួយសម្រាប់ពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ីស្រាអែល ព្រមទាំងជាកម្លាំងចលករថ្មី ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេស មានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវដល់អតីតនិស្សិតទាំងអស់ ឱ្យចូលរួមចែករំលែកជំនាញ និងបទពិសោធន៍របស់ខ្លួន ដើម្បីផ្តល់ការប្រឹក្សាដល់យុវជនជំនាន់ក្រោយ ព្រមទាំងជួយគាំទ្រដល់ពលករកម្ពុជាដែលត្រៀមចេញទៅធ្វើការនៅអ៊ីស្រាអែល តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស ភាសា និងការយល់ដឹងពីវប្បធម៌អ៊ីស្រាអែល។

លោក Rami Teplitskiy បានលើកឡើងថា គំនិតផ្តួចផ្តើមនេះមានគោលបំណងចូលរួមអភិវឌ្ឍអ្នកដឹកនាំជំនាន់ក្រោយ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអ៊ីស្រាអែល កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងរួមចំណែកដល់ការអភិវឌ្ឍសង្គមកម្ពុជា។

លោកបានសង្កត់ធ្ងន់ថា ធនធានមនុស្ស ចំណេះដឹង នវានុវត្តន៍ និងភាពច្នៃប្រឌិត គឺជាកត្តាសំខាន់ដែលបានជួយឱ្យអ៊ីស្រាអែល មានការរីកចម្រើនលើវិស័យសំខាន់ៗដូចជា កសិកម្ម ការគ្រប់គ្រងធនធានទឹក និងបច្ចេកវិទ្យា ហើយចំណេះដឹងទាំងនេះក៏អាចចែករំលែក និងយកមកអនុវត្តសម្រាប់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។

លោក Moran Hadad ប្រធានសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល បានថ្លែងថា ប្រជាជនកម្ពុជាដែលបានទទួលការបណ្តុះបណ្តាល ឬធ្វើការនៅអ៊ីស្រាអែល បាននាំយកមកវិញនូវចំណេះដឹង ផ្នត់គំនិត និងជំនាញសំខាន់ៗ ដែលអាចចូលរួមជំរុញការអភិវឌ្ឍកម្ពុជា លើវិស័យកសិកម្ម បច្ចេកវិទ្យា និងការងារផ្សេងៗ។

លោកបានបញ្ជាក់ថា ការបង្កើត ACI គឺដើម្បីធានាថាចំណេះដឹង និងបទពិសោធន៍ទាំងនេះត្រូវបានចែករំលែកឱ្យបានទូលំទូលាយ ដោយជឿជាក់ថា បទពិសោធន៍ជោគជ័យដែលអាចអនុវត្តបាននៅអ៊ីស្រាអែល ក៏អាចយកមកសម្របតាមបរិបទ និងតម្រូវការជាក់ស្តែងនៅកម្ពុជាបានដែរ។

លោក Moran Hadad ក៏បានបន្ថែមថា ក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ ប្រជាជនកម្ពុជាជាច្រើនបានទទួលអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាល និងការផ្លាស់ប្តូរចំណេះដឹងរបស់អ៊ីស្រាអែល ចាប់ពីសិក្ខាសាលារយៈពេលខ្លី រហូតដល់វគ្គសិក្សាពេញលេញ និងកម្មវិធី Agrostudies ដែលមានអ្នកចូលរួមពីកម្ពុជាជាង៣០០នាក់រួចមកហើយ។

លោក រ័ត្ន សារ៉ា ប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា រូបខ្លួនក៏ជាអតីតនិស្សិត MASHAV ផងដែរនោះ បានចែករំលែកបទពិសោធន៍នៅអ៊ីស្រាអែល ចំពោះអ្វីដែល ACI អាចសម្រេចបាននាពេលនេះ។

លោកបានបញ្ជាក់ជាថ្មីអំពីការគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈក្រុមការងារអន្តរក្រសួង ដែលបានបង្កើតឡើង សម្រាប់គោលបំណងនេះ។

បន្ទាប់ពីពិធីសម្ពោធ សមាជិកស្ថាបនិកនៃ ACI បានរៀបចំវគ្គពិគ្រោះយោបល់លើកទីមួយរបស់ពួកគេ ដើម្បីពិភាក្សាអំពីជំហានបន្ទាប់។ អាទិភាពបន្ទាន់គឺការប្រមូលផ្តុំ និងចូលរួមជាមួយអតីតនិស្សិតមួយចំនួនធំ ដើម្បីកសាងរចនាសម្ព័ន្ធ ACI រួមគ្នាដែលជាការត្រួសត្រាយផ្លូវ សម្រាប់គម្រោង និងសកម្មភាពថ្មីៗជាបន្តបន្ទាប់ ដោយចាប់ដៃគ្នាជាមួយ MASHAV និងរដ្ឋាភិបាលទាំងពីរ ដែលតែងតែគាំទ្រយ៉ាងសកម្ម ដល់គំនិតផ្តួចផ្តើមនេះ។

ប្រជាជនកម្ពុជាដែលធ្លាប់បានទទួលការបណ្តុះបណ្តាល សិក្សា ឬធ្វើការនៅអ៊ីស្រាអែល អាចចូលរួមជាមួយសហព័ន្ធនេះបានតាមរយៈ៖

* តំណភ្ជាប់ចុះឈ្មោះជាសមាជិក៖ https://israelichamber.com/registration
* ឆានែលតេឡេក្រាម៖ https://t.me/The_Alumni_Federation_of_Cambodi
សូមចូលរួមជាមួយ ACI និងប្រើប្រាស់ជំនាញពីអ៊ីស្រាអែលជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍជាតិរបស់យើង៕