សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា ឡាវ កាង ធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីទីផ្សារ និងពង្រឹងបណ្តាញពាណិជ្ជកម្មជាមួយសហគមន៍ខ្មែរនៅអ៊ីតាលី
07-11-2026 16:36
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៦ បានបំពេញបេសកកម្មទស្សនកិច្ចផ្លូវការ ដើម្បីស្វែងយល់ពីទីផ្សារ និងពង្រឹងបណ្តាញពាណិជ្ជកម្មជាមួយសហគមន៍ខ្មែរនៅប្រទេសអ៊ីតាលី។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រីកវិសាលភាពពាណិជ្ជកម្ម ជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប ព្រមទាំងសិក្សាអំពីសក្តានុពលសេដ្ឋកិច្ច និងតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងប្រកបអាជីវកម្មនៅក្នុងប្រទេសអ៊ីតាលី។
ក្នុងឱកាសនោះ អ្នកឧកញ៉ា ឡាវ កាង ព្រមទាំងគណៈប្រតិភូ បានជួបសំណេះសំណាលជាមួយលោកបណ្ឌិត Francesco CINAGLIA នាយកប្រតិបត្តិនៃក្រុមហ៊ុន Studio FC & Partners ដោយបានជម្រាបជូនយ៉ាងលម្អិតអំពី ច្បាប់វិនិយោគនៃកម្ពុជា ដែលជាច្បាប់មានបរិស្ថានអនុគ្រោះនៅក្នុងតំបន់។ ជាការឆ្លើយតប លោកបណ្ឌិត បានសម្ដែងនូវក្តី សោមនស្សរីករាយនិងសាទរ ដែលបានជួបសំណេះសំណាលជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយលោកបណ្ឌិត នឹងដឹកនាំក្រុមហ៊ុនដើម្បីស្វែងយល់នូវតម្រូវការវិនិយោគដ៏មានសក្កានុពលនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់មក គណៈប្រតិភូបានបន្តជំនួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាល ជាមួយតំណាងសហគមន៍ខ្មែរ ម្ចាស់អាជីវកម្ម និងពាណិជ្ជករខ្មែរនៅប្រទេសអ៊ីតាលីនៅផ្សារ Overseas Foods Market di So Roseline EC. ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងស្វែងរកឱកាសវិនិយោគថ្មីៗ បន្ថែមទៀត។ នាឱកាសនោះ អ្នកឧកញ៉ាបានគូសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខ្មែរនៅបរទេសគឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការគាំទ្រផលិតផលរបស់ជាតិខ្លួននិងត្រៀមបើកការិយាល័យតំណាងសភាពាណិជ្ជកម្ពុជានៅអ៊ីតាលី នៅទីក្រុង Genova ដែលជាទីក្រុងកំពង់ផែអន្ដរជាតិ ដ៏សំខាន់ក្នុងតំបន់អឺរ៉ុប ដើម្បីជាស្ពានចម្លងដ៏រឹងមាំក្នុងការផ្សព្វផ្សាយវប្បធម៌ ក៏ដូចជាផលិតផលខ្មែរមកកាន់ទីផ្សារពិភពលោកផ្ទាល់។ សភាពាណិជ្ជកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រ និងសម្របសម្រួលសកម្មភាពធុរកិច្ចដើម្បីមានវត្តមានកាន់តែច្រើន និងទូលំទូលាយនៅលើទីផ្សារអ៊ីតាលី ក៏ដូចអឺរ៉ុបទាំងមូល៕










