ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា កម្ពុជាអាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ, សូមមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ! (Video inside)
07-11-2026 16:28
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពព្យុះទី៣២ ឈ្មោះ «សេមប៉ាកា» (Cempaka) ដែលនឹងជះឥទ្ធិពលដល់អាកាសធាតុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្យុះនេះបានវិវត្តចេញពីសម្ពាធទាបនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន។
បើតាមការព្យាករណ៍ ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើរផ្ទាល់របស់ព្យុះ «សេមប៉ាកា» នេះទេ ប៉ុន្តែនឹងទទួលរងឥទ្ធិពលដោយប្រយោល។ សម្រាប់តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។
ចំណែកឯតំបន់ខ្ពង់រាបវិញ រួមមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ១៥%។
ដោយឡែក តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្ដប់លើផ្ទៃដី ៤០% ព្រមទាំងមានរលកសមុទ្របោកបក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១.៧៥ម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសបងប្អូនដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក។ ក្រសួងនឹងបន្តតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាបជូនជាបន្តបន្ទាប់ក្នុងករណីមានការប្រែប្រួល៕

