Run for the Future ចាប់ផ្តើមយុទ្ធនាការរត់សប្បុរសធម៌ ដើម្បីរៃអង្គាសថវិកា រួមចំណែកលើកកម្ពស់ការអប់រំកុមារនៅកម្ពុជា
07-11-2026 16:00
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ «Run for the Future» បានចាប់ផ្ដើមយុទ្ធនាការរត់សប្បុរសធម៌ បំផុសស្មារតីសប្បុរសធម៌តាមរយៈកីឡា ដើម្បីរៃអង្គាសថវិកាផ្តល់ឱកាសអប់រំដល់កុមារងាយរងគ្រោះនៅកម្ពុជា។
យុទ្ធនាការរត់សប្បុរសធម៌ «Run for the Future» មានការចូលរួមពីសប្បុរសជនជាច្រើនរូប និងមានការរត់រយៈចម្ងាយចំនួន៣រួមមាន ចម្ងាយ៣គីឡូម៉ែត្រ, ចម្ងាយ៥គីឡូម៉ែត្រ និងចម្ងាយ១០គីឡូម៉ែត្រ។
ការរត់ដើម្បីសុខភាព អាចក្លាយជាកម្លាំងចលករមួយ ក្នុងការផ្លាស់ប្តូរជីវិតកុមារដែលខ្វះខាតឱកាសសិក្សា។ គោលបំណងសំខាន់នៃកម្មវិធីរត់កម្សាន្តសប្បុរសធម៌ «Run for the Future» គឺដើម្បីរៃអង្គាសថវិកាគាំទ្រដល់វិស័យអប់រំ និងកុមារងាយរងគ្រោះនៅកម្ពុជា។
កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងភ្ជាប់សកម្មភាពកីឡាទៅនឹងការងារសង្គម ដោយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសុខភាព តាមរយៈការរត់ និងហាត់ប្រាណ ព្រមទាំងចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដើម្បីជួយដល់កុមារដែលមានជីវភាពខ្វះខាត និងត្រូវការការគាំទ្រផ្នែកអប់រំ។
ថវិកាដែលទទួលបានពីកម្មវិធី «Run for the Future» នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រការអប់រំ និងផ្តល់ជំនួយដល់កុមារក្រីក្រ ជាពិសេសកុមារដែលស្ថិតក្រោមការថែទាំរបស់អង្គការពន្លឺអនាគត (Future Light Organization)។
ក្រៅពីការរៃអង្គាសថវិកា ដើម្បីជួយដល់កុមារងាយរងគ្រោះ កម្មវិធីនេះក៏មានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងដៃគូពាក់ព័ន្ធ និងបង្កើតភាពជាដៃគូឱ្យកាន់តែរឹងមាំក្នុងការចូលរួមដោះស្រាយបញ្ហាសង្គម។ ជាមួយគ្នានេះក៏ជាឱកាសលើកកម្ពស់វប្បធម៌នៃការរស់នៅប្រកបដោយសុខភាពល្អ និងការចូលរួមពីសហគមន៍ផងដែរ។
ជាក់ស្តែងតាមរយៈកម្មវិធីនេះ សកម្មភាពរត់មិនត្រឹមតែជាការហាត់ប្រាណដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចក្លាយជាមធ្យោបាយមួយសម្រាប់ប្រមូលផ្តុំកម្លាំងសប្បុរសធម៌ពីសាធារណជន ដើម្បីផ្តល់ក្តីសង្ឃឹម និងឱកាសសិក្សាកាន់តែប្រសើរដល់កុមារដែលត្រូវការជំនួយ។
សូមជម្រាបថា កម្មវិធីបំផុសស្មារតីសប្បុរសធម៌ «Run for the Future» នេះក៏បានផ្ដល់ជូននូវរង្វាន់លើកទឹកចិត្តដល់សប្បុរសជនដែលបានទទួលជ័យលាភីក្នុងការរត់ផងដែរ៕
































