លោក ហ៊ុន ម៉ានី តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទវគ្គបណ្តុះបណ្តាល «ជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ធំ
07-11-2026 15:03
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការនៃគណៈចលនាមហាជន តំណាងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល «ជនបង្គោលលើការងារមហាជន ក្រុង ស្រុក ឃុំ សង្កាត់» ខេត្តកំពង់ធំ ដែលមានសមាជិក សមាជិកា ចូលរួមសរុបប្រមាណ៥៦០នាក់។
ជាកិច្ចចាប់ផ្តើម លោក នួន ផារ័ត្ន ប្រធានគណៈចលនាមហាជនខេត្តកំពង់ធំ បានថ្លែងស្វាគមន៍ចំពោះវត្តមានរបស់លោក ហ៊ុន ម៉ានី ព្រមទាំងបានរាយការណ៍អំពី វឌ្ឍនភាពនៃការអនុវត្តការងារចលនាមហាជន និងវឌ្ឍនភាពការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលការងារមហាជនក្រុង-ស្រុក ឃុំ-សង្កាត់ នៃខេត្តកំពង់ ដែលបានបញ្ចប់ទៅដោយជោគជ័យ។
លោកបានបញ្ជាក់ផងដែរថា តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជនបង្គោលការងារមហាជនទាំងអស់ទទួលបានចំណេះដឹង និងការយល់ដឹងកាន់តែច្បាស់អំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងយន្តការការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ព្រមទាំងពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង សម្របសម្រួល និងចុះអនុវត្តការងារជាក់ស្តែងនៅមូលដ្ឋាន។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនក្នុងខេត្តកំពង់ធំ លោក ហ៊ុន ម៉ានី បានកោតសរសើរ ចំពោះសមិទ្ធផលនានា ដែលគណបក្សខេត្តកំពង់ធំសម្រេចបាន និងបានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជន តាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ប្រកបដោយជោគជ័យ។
ជាមួយគ្នានេះ លោក ក៏បានលើកឡើងថា ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីបក្សគឺជាការងារគន្លឹះដែលត្រូវបន្តធ្វើជាប្រចាំដើម្បីពង្រឹងភាពធន់របស់គណបក្សប្រជាជនកម្ពុជា ពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងបក្ស ទាំងគោលជំហរ ទស្សនៈ ព្រមទាំងជំរុញឱ្យការអនុវត្តសកម្មភាពកាន់តែស្រុះដៃ និងប្រទាក់ក្រឡាគ្នាពីលើដល់ក្រោម សំដៅក្តាប់ជាប់នូវ បញ្ហាប្រឈម តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីដាក់ចេញនូវវិធានការដោះស្រាយតាមភាពជាក់ស្តែង និងទាន់ពេលវេលា។
លោក ហ៊ុន ម៉ានី ក៏បានណែនាំដល់មន្រ្តីបក្សគ្រប់ជាន់ថ្នាក់ សូមឱ្យបន្តអនុវត្ត តួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ស្របតាមគោលការណ៍ និងការសម្រេចចិត្តនានារបស់គណបក្ស ឱ្យមានលក្ខណៈលឿនរហ័ស និងចំគោលដៅ សំដៅដោះស្រាយបាននូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ជាពិសេស មន្រ្តីគណបក្សគ្រប់រូប ត្រូវប្រកាន់ខ្ជាប់នូវ គុណធម៌ សីលធម៌ល្អ និងរក្សាភាពជាគំរូ ឈរលើស្មារតី «បម្រើប្រជាជនដោយស្មោះត្រង់» និង «យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន» តាមយុទ្ធសាស្រ្ត «ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស គុណភាព និងបរិមាណរបស់សមាជិកបក្ស ដើម្បីបន្តឈ្នះឆ្នោត» ក្នុងគ្រប់ដំណាក់កាល៕




















