FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៧ នៅប៉េកាំង ពិភាក្សាពីបរិវត្តកម្មសារព័ត៌មានក្នុងយុគសម័យ AI

07-11-2026 14:40

(ប៉េកាំង-ចិន)៖ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងព័ត៌មានកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោកលើកទី៧ (The 7th World Media Summit) ដែលប្រព្រឹត្តទៅនៅវិមានប្រជាជនក្នុងរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ក៏ធ្វើឡើងស្របពេលនឹងការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៩៥ នៃការបង្កើតទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ (Xinhua News Agency) ផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ គណៈប្រតិភូកម្ពុជាបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ដែលត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៣១ មកម៉្លេះ។ ឆ្លងកាត់រយៈពេលជិតមួយសតវត្សរ៍ ស៊ីនហួរបានរីកចម្រើនក្លាយជាស្ថាប័នព័ត៌មានឈានមុខគេមួយនៅលើពិភពលោក និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ព្រមទាំងបានជួយចែករំលែកសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៅកាន់ទស្សនិកជនកាន់តែទូលំទូលាយ។

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយពិភពលោក ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដោយបណ្តាស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ បានដើរតួនាទីជាវេទិកាកម្រិតខ្ពស់ដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរ និងការសម្របសម្រួលរវាងប្រព័ន្ធផ្សព្វផ្សាយសកល ស្ថាប័នស្រាវជ្រាវ រដ្ឋាភិបាល និងអង្គការអន្តរជាតិនានាជុំវិញពិភពលោក។

សម្រាប់ព្រឹត្តិការណ៍លើកទី៧ នាដើមខែវិច្ឆិកានេះ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកជំនាញអន្តរជាតិផ្តោតការពិភាក្សាស៊ីជម្រៅលើប្រធានបទស្នូលសំខាន់ៗដែលស្របនឹងបរិបទបច្ចុប្បន្នរួមមាន៖ ការរួមចំណែកនៃការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសចិនចំពោះពិភពលោក ការអភិវឌ្ឍវិស័យប្រព័ន្ធផ្សព្វផ្សាយសកល និងជាពិសេសគឺការធ្វើបរិវត្តកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)។ កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាចាប់យកកាលានុវត្តភាពថ្មីៗពីបច្ចេកវិទ្យា និងដោះស្រាយបញ្ហាប្រឈមនានាក្នុងយុគសម័យឌីជីថល។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូក្រសួងព័ត៌មានកម្ពុជានាពេលនេះ គឺជាការបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាលើឆាកអន្តរជាតិ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីក្នុងវិស័យសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល។

ក្រៅពីកិច្ចប្រជុំពេញអង្គ និងវេទិកាអមនានា អ្នកចូលរួមក៏មានឱកាសស្វែងយល់កាន់តែស៊ីជម្រៅអំពីតម្លៃវប្បធម៌ប្រពៃណី និងភាពទំនើបរស់រវើករបស់ទីក្រុងប៉េកាំង ព្រមទាំងបន្តពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕