មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំលើកទី១ វេជ្ជសាស្ត្រដំណេក ក្រោមប្រធានបទ «ដំណេកប្រសើរ ជីវិតស្រស់បំព្រង»
07-11-2026 14:37
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកសន្និសីទ ប្រចាំឆ្នាំលើកទី១ វេជ្ជសាស្ត្រដំណេក ក្រោមប្រធានបទ «ដំណេកប្រសើរ ជីវិតស្រស់បំព្រង» ដែលរៀបចំដោយសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា ដើម្បីចែករំលែកចំណេះដឹងបទពិសោធន៍ និងការអនុវត្តផ្នែកវេជ្ជសាស្ត្រដំណេក ជាពិសេសជំងឺដំណេកស្រមុកស្ទះ ផ្លូវដង្ហើម (OSA) ដែលកំពុងទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងវិស័យសុខាភិបាល។
សន្និសីទប្រចាំឆ្នាំនេះក៏មានការចូលរួមពីជាសហអធិបតីលោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងមានការចូលរួមពីលោក ចាន់ សារិន ប្រធានសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា រួមទាំងមានលោក/លោកស្រី សាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ស្ថាប័នសុខាភិបាល វេជ្ជបណ្ឌិត ទន្តបណ្ឌិត និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ វាគ្មិនជាតិ និងអន្តរជាតិជាតំណាង និងវាគ្មិនអញ្ជើញមកពីប្រទេសឹង្ហបុរី ជាច្រើនរូបផងដែរ។
សូមបញ្ជាក់ដែរថា វេជ្ជសាស្ត្រដំណេក (Sleep Medicine) គឺជាឯកទេសវេជ្ជសាស្ត្រមួយដែលផ្តោតលើការវិនិច្ឆ័យ និងការព្យាបាលជំងឺ ឬបញ្ហាផ្សេងៗដែលទាក់ទងនឹងការគេង។ ការគេងមិនគ្រប់គ្រាន់ ឬការគេងមិនលក់រ៉ាំរ៉ៃ មិនត្រឹមតែធ្វើឱ្យអស់កម្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត និងកើតជាជំងឺផ្សេងៗផងដែរ។
ជាមួយនឹងបញ្ហាវិបត្តិដំណេកនៅកម្ពុជា លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានថ្លែងបញ្ជាក់ថា បញ្ជាវិបត្តិដំណេកត្រូវបានចាត់ចូលជាជំងឺមិនឆ្លងដែលទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ ពីព្រោះបញ្ហានេះធ្វើឱ្យយើងមានវិបត្តិក្នុងការរស់នៅ និងអាចប៉ះពាល់ដល់សុខុមាលភាព ហើយអាចបង្ករជាជំងឺផ្សេងៗជាច្រើនទៀតផងដែរ។
លោកសាស្ត្រាចារ្យ កុយ វ៉ាន់នី បានលើកទឹកចិត្តឱ្យសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា និងបណ្តាដៃគូរទាំងអស់ចូលរួមសហការបន្តទៅទៀត ដើម្បីរួមគ្នាលើកកម្ពស់សុខភាពដំណេករបស់ប្រជាជនកម្ពុជា ជាមួយនឹងការបន្តសិក្សា និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសុខាភិបាល ក៏ដូចជាការបង្កើតភាពជាដៃគូសហការ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
លោកសាស្ត្រាចារ្យ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរៀនសូត្រមិនចេះចប់ក្នុងវិស័យវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ដោយលោកចាត់ទុកថាគ្រូពូកែ តែងតែចាត់ទុកខ្លួនឯងជាសិស្សជានិច្ច ដើម្បីសិក្សាស្វែងយល់អ្វីដែលថ្មីៗ, លោកក៏បានលើកទឹកចិត្តឱ្យមានការបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយឲ្យមានភាពចាស់ទុំក្នុងការអនុវត្តវិទ្យាសាស្ត្រ និងបន្តស្វែងយល់ស៊ីជម្រៅលើវិស័យវេជ្ជសាស្ត្រផងដែរ។
បើតាមលោក ចាន់ សារិន បានឱ្យដឹងដែរថា បើយើងពិនិត្យមើលអតីតកាលយើងបានយល់ដឹងអំពីជំងឺវេជ្ជសាស្ត្រដំណេកមួយចំនួនជាបណ្តើរៗ និងធ្វើរោគវិនិច្ឆ័យ បានពីមួយកន្លែងទៅមួយកន្លែង។ រោគសញ្ញាសំអាងនៃចង្កោមសញ្ញាសំគាល់ជំងឺវេជ្ជសាស្ត្រមានដូចជា៖ ងងុយដេកពេលថ្ងៃ អស់កម្លាំង ស្រមុកខ្លាំងៗ ឬឈប់ដកដង្ហើមពេលគេង និងការថយចុះសមត្ថភាពប្រចាំថ្ងៃ។
បច្ចុប្បន្ននេះការវិវត្តន៍ដ៏សំខាន់នៃវេជ្ជសាស្ត្រដំណេក កំពុងក្លាយជាផ្នែកមួយក្នុងការថែទាំ និងព្យាបាល តាមវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ។ វេជ្ជសាស្ត្រដំណេក មិនមែនជាបញ្ហាដែលប៉ះពាល់តែដំណេកប៉ុណ្ណោះទេ ប៉ុន្តែអាចពាក់ព័ន្ធ នឹងជំងឺជាច្រើនដូចជា ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង សរសៃឈាម ជំងឺប្រសាទសាស្ត្រ ជំងឺធាត់ សុខភាព មាត់ធ្មេញ និងបញ្ហាសុខភាពផ្លូវចិត្ត។ ហេតុនេះវេជ្ជសាស្ត្រដំណេកទាក់ទងពហុជំនាញដូចជា៖ Neurology, ENT, Diabete Metabolisme, Cardiovascular, Psychiatry, Dentistry និង Pneumology ដែលត្រូវធ្វើការរួមគ្នា ដើម្បីធានាថាអ្នកជំងឺទទួលបានការវាយតម្លៃជាក់លាក់ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដែលមាន ប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ។
លោក ចាន់ សារិន បានបន្ថែមថា សម្រាប់ពេលអនាគតសមាគមមានបំណងបន្តពង្រឹងការយល់ដឹងអំពីសុខភាពវេជ្ជសាស្ត្រដំណេក បង្កើនការបណ្តុះបណ្តាលអ្នកជំនាញរយៈពេលខ្លី ដោយមានគាំទ្រពីសាកលវិទ្យាល័យ និង ស្ថាប័នសុខាភិបាលនានា ដើម្បីពង្រីកសមត្ថភាពក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលសមស្រប សម្រាប់អ្នកជំងឺ OSA និង ជំរុញការស្រាវជ្រាវ តាមបរិបទសុខាភិបាលរបស់កម្ពុជា។ ការងារទាំងនេះ មិនត្រឹមតែជាការអភិវឌ្ឍជំនាញវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃការចូលរួមលើកកម្ពស់គុណភាព សេវាសុខាភិបាល ការពារសុខភាព និងបង្កើនគុណភាពជីវិតរបស់ប្រជាពលរដ្ឋស្របតាមទិសដៅ និងគោលនយោបាយសុខាភិបាល ដែកមានគ្របដណ្តប់ សុខភាពជាសកលទប់ស្កាត់ជំងឺមិនឆ្លងផងដែរ៕



















