មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
07-11-2026 14:34
(កំពង់ឆ្នាំង)៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ហើយមិនធ្លាប់ធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ រួសរាន់ទៅថតរូប និងផ្ដិតមេដៃ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចុះត្រួតពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នៅតាមឃុំក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោកបានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រជួយឱ្យទិន្នន័យអ្នកបោះឆ្នោតមានភាពត្រឹមត្រូវ ពេញលេញ ឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ន និងអាចទុកចិត្តបាន។
ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ប្រជាពលរដ្ឋអាចទៅជួបក្រុមចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ សាលាសង្កាត់ ឬទីតាំងចល័តដែលបានកំណត់ក្នុងឃុំ ឬសង្កាត់ដែលខ្លួនកំពុងរស់នៅ៕






