FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្មេងទំនើង៧នាក់ ពាក់ព័ន្ធករណីបង្កអំពើហិង្សានៅខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ

07-11-2026 14:35

(ភ្នំពេញ)៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ បង្រ្កាបឃាត់ខ្លួនក្មេងទំនើង៧នាក់ ករណីហិង្សា២ករណីផ្សេងគ្នា នៅសង្កាត់បឹងទំពន់ទី១ និងសង្កាត់កាកាបទី២។

ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ករណីទី១ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង២៣៖០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវបង្រ្កាបអំពីករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស (វៃគ្នាទៅវិញទៅមក) កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលា ម៉ោង២០៖៥៥នាទីយប់ នៅចំណុចផ្លូវ៣៧BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់ វត្ថុតាងដកហូតដំបងឈីឫស្សី ១ដើម និងទីបដែក ២ដើម។

ករណីទី២ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសជាក្រុមក្មេងទំនើង(វាយគ្នាទៅវិញទៅមក) នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង១៥៖២០នាទី នៅចំណុចមុខផ្សារជីបម៉ុង នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីហិង្សាដែលបង្កឡើងដោយជនសង្ស័យចំនួន២ក្រុមកើតឡើង១លើក។

ក្រោយកើតហេតុកម្លាំងជំនាញព្រហ្មទណ្ឌស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង២នាក់ ចំណែកបក្ខពួកសេសសល់មួយចំនួនទៀតដែលគេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត។

បច្ចុប្បន្នជនសង្ស័យជាក្មេងទំនើងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕