សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ជូនកងរាជអាវុធហត្ថខេត្ត ដើម្បីចែកជូនបន្តដល់វីរកងទ័ពជួរមុខ
07-11-2026 13:26
(ស្វាយរៀង)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង រួមជាមួយលោក អ៊ាក ផល្លា ប្រធានសាលាដំបូងខេត្តស្វាយរៀង ព្រមទាំងលោកអនុប្រធាន លោក លោកស្រីព្រះរាជអាជ្ញារង លោក លោកស្រីចៅក្រម ព្រមទាំងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បាននាំយកអំណោយជាច្រើនមុខទៅប្រគល់ជូនកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីចែកជូនបន្តដល់វីរកងទ័ពជួរមុខ។
ពិធីប្រគល់-ទទួលអំណោយនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង។
អំណោយដែលបានប្រគល់ជូនរួមមាន អង្ករចំនួន១តោនកន្លះ មីចំនួន២០០កេស ទឹកសុទ្ធកម្ពុជាចំនួន១៥០កេស សាច់ក្រក៣០គីឡូក្រាម ទឹកត្រីចំនួន២០យួរ និងទឹកស៊ីអុីវចំនួន២០យួរ ព្រមទាំងថវិកា១០លានរៀល និង៤០ម៉ឺនរៀល។
ការផ្តល់អំណោយនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ចំពោះកងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំប្រឹងប្រែងការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្ត។
អំណោយទាំងនេះនឹងចូលរួមចំណែកក្នុងការជួយសម្រាលបន្ទុក និងលើកទឹកចិត្តដល់កងរាជអាវុធហត្ថខេត្តស្វាយរៀង ឱ្យបន្តបំពេញភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព៕

