FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី ជួបសំណេះសំណាល និងចែកអំណោយដល់ក្រុមកីឡាករទូកនៅកំពង់ធំ ត្រៀមប្រណាំងទូកថ្នាក់ខេត្ត

07-11-2026 13:25

(កំពង់ធំ)៖ លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្ដាល ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនក្រុមកីឡាករទូកក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ នៅមាត់ស្ទឹងសែន។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អុំទូក «ង» ថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រី ឃួន ឃុនឌី បានគូសបញ្ជាក់ថា ការប្រណាំងទូកនេះកើតចេញពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ដល់សុខុមាលភាពប្រជាពលរដ្ឋ និងថែរក្សានូវទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់របស់ខ្មែរ។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះព្រះសង្ឃ អាចារ្យ និងគណៈកម្មការ ដែលបានផ្តួចផ្តើមកសាងទូក «ង» នេះឡើង។

លោកស្រីបានបន្ថែមថា ការលេងកីឡាអាចផ្ដល់សុខភាពល្អ បង្កើនទំនាក់ទំនង មេត្រីភាព និងសាមគ្គីភាព ព្រមទាំងជួយចៀសវាងពីគ្រឿងញៀន និងអំពើអសន្តិសុខផ្សេងៗ។ ដើម្បីឲ្យដំណើរការប្រកួតប្រព្រឹត្តទៅដោយរលូន លោកស្រីបានសំណូមពរឲ្យកីឡាករទាំងអស់គោរពបទបញ្ជាផ្ទៃក្នុង រក្សាសាមគ្គីភាព មិត្តភាព និងសេចក្តីថ្លៃថ្នូររបស់កីឡាករ។

ក្នុងនោះ លោកឧកញ៉ា គុយ លាងគី និងលោកស្រី ឃួន ឃុនឌី ក៏បាននាំយកសម្ភារគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនទៅប្រគល់ជូនទូកទាំង៣ រួមមាន ទូកងចាស់ស្រុកសែនជ័យបារមីគង់ម៉ៅ ទូកងសាមគ្គីធិបតីបារមីកោះរកា និងទូកងស្រីហេងមានជ័យបារមីស្ទឹងសែន ផងដែរ៕