អភិបាលខេត្តបន្ទាយមានជ័យ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត២២០០០បណ្ណ ជូនពលរដ្ឋស្រុកស្វាយចេក
07-11-2026 13:22
(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន១៧ភូមិ ក្នុងឃុំសារង្គ និងឃុំថ្នាំ ស្រុកស្វាយចេក។ ពិធីនេះបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅបរិវេណវត្តប្រាសាទភាសត្បូង ដោយមានការចែកបណ្ណសរុបចំនួន ២១ ៧៤៩បណ្ណ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម ដែលរួមមានការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និងការផ្តល់សេវារដ្ឋបាលដីធ្លីប្រកបដោយតម្លាភាព។ គោលនយោបាយទាំងនេះមានគោលបំណងលើកកម្ពស់កម្រិតជីវភាព និងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ។
លោក អ៊ុំ រាត្រី ក៏បានណែនាំដល់ម្ចាស់បណ្ណទាំងអស់ឱ្យប្រើប្រាស់ និងថែរក្សាបណ្ណកម្មសិទ្ធិដីធ្លីឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការខូចខាត ឬបាត់បង់។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានក៏ត្រូវបានណែនាំឱ្យបន្តផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋឱ្យមកទទួលបណ្ណកម្មសិទ្ធិដីធ្លីឱ្យទាន់ពេលវេលាកំណត់។ ការចែកវិញ្ញាបនបត្រនេះនឹងប្រព្រឹត្តទៅរយៈពេល ៧ ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្រោយរយៈពេលនេះ ប្រជាពលរដ្ឋអាចបន្តទទួលបណ្ណនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យ រៀងរាល់ម៉ោងធ្វើការ៕
























