អភិបាលខេត្តកណ្តាល ព្រមានចាត់ការផ្លូវច្បាប់លើមន្ត្រីណាដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ និងជំរុញឱ្យអាជ្ញាធរត្រូវផ្តាច់ប្រព័ន្ធបទល្មើសនេសាទខុសច្បាប់ឱ្យអស់ក្នុងភូមិសាស្ត្រខេត្តកណ្ដាល
07-11-2026 13:18
(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានព្រមានចាត់ការផ្លូវច្បាប់លើមន្ត្រីណាដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ និងជំរុញឱ្យអាជ្ញាធរត្រូវផ្តាច់ប្រព័ន្ធបទល្មើសនេសាទខុសច្បាប់ឱ្យអស់ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ការព្រមានបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប កាលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តកណ្ដាល។
អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងដាច់ខាតថា រដ្ឋបាលខេត្តកណ្តាលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តាច់ប្រព័ន្ធបទល្មើសនេសាទខុសច្បាប់ឱ្យអស់ពីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងបញ្ជាក់យ៉ាងច្បាស់ៗថា ប្រសិនបើមានមន្ត្រីរូបណាកំពុងពាក់ព័ន្ធ សូមដកខ្លួនចេញជាបន្ទាន់។ ប៉ុន្តែប្រសិនបើនៅតែមានការឃុបឃិត ឬពាក់ព័ន្ធជាមួយបទល្មើសនេសាទខុសច្បាប់បន្តទៀត គឺត្រូវអនុវត្តច្បាប់ដោយគ្មានការលើកលែងជាដាច់ខាត។
អភិបាលខេត្តបន្តថា អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការជំនាញឱ្យបានម៉ឺងម៉ាត់ និងតឹងរ៉ឹងបំផុត ដើម្បីកាត់ផ្តាច់ឫសគល់នៃប្រព័ន្ធបទល្មើសនេសាទក្នុងមូលដ្ឋាន។ ទន្ទឹមនឹងនោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយខណ្ឌរដ្ឋបាលជលផល ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញឱ្យបានច្បាស់លាស់នូវចំនួនឡូត៍នេសាទ និងតំបន់អភិរក្ស ដើម្បីឱ្យកងកម្លាំង និងអាជ្ញាធរងាយស្រួលក្នុងការក្តាប់ព័ត៌មាន បង្ការ និងទប់ស្កាត់ កុំឱ្យជនឆ្លៀតឱកាសចូលទៅប្រព្រឹត្តបទល្មើសនេសាទក្នុងតំបន់អភិរក្សពូជត្រីជាដាច់ខាត។
លោកបន្ថែមថា ការប្តេជ្ញាចិត្តយ៉ាងមុតមាំនេះ គឺជាវិធានការរដ្ឋបាល និងច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដើម្បីការពារ និងអភិរក្សធនធានជលផល ក្នុងខេត្តកណ្តាល ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។
ក្នុងឱកាសនោះ លោកអភិបាលខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ចំពោះបងប្អូនអ្នកសារព័ត៌មាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានពិតជុំវិញបទល្មើសនេសាទ។ កន្លងមក អាជ្ញាធរបានអញ្ជើញ អ្នកសារព័ត៌មានឱ្យចុះយកព័ត៌មានផ្ទាល់ និងចូលរួមសង្កេតការណ៍ក្នុងការបង្ក្រាបនៅទីតាំងជាក់ស្តែង ដើម្បីយល់ដឹងកាន់តែច្បាស់ពីការងារនេះ។ រដ្ឋបាលខេត្តនឹងរៀបចំលិខិតថ្លែងអំណរគុណជូនដល់បងប្អូនអ្នកសារព័ត៌មាន សម្រាប់ការចូលរួមរិះគន់ក្នុងន័យស្ថាបនា និងការរួមចំណែកការពារធនធានធម្មជាតិជាមួយអាជ្ញាធរនាពេលកន្លងមក។
អភិបាលខេត្តកណ្ដាល ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំង មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងរួមគ្នាបង្ក្រាបបទល្មើសនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ នាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសើរ។
លោក ហេង សុភារិទ្ធិ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២៦ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងដែននេសាទតាមបណ្ដាក្រុង/ស្រុក បានចំនួន ១៧៦លើក ដកហូតឧបករណ៍នេសាទខុសច្បាប់ រក្សាទុក និងបំផ្លាញចោល បានចំនួន ១០៩ ករណី៕
















