អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំអបអរសាទរទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា លើកទី៧៣
07-11-2026 13:14
(កំពង់ឆ្នាំង)៖ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីអាណានិគមបារាំង នៅថ្ងៃ ៩ វិច្ឆិកា ឆ្នាំ១៩៥៣។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយសម្តេចតា សម្តេចតាទួត ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលត្រូវបានគេស្គាល់ថាជាព្រះបិតាឯករាជ្យជាតិ។
ដោយឡែកនៅខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្ត ក៏បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង, មន្ត្រីរាជការតាមបណ្ដាស្ថាប័នអង្គភាពជុំវិញខេត្ត, កងកម្លាំងប្រដាប់អាវុធ, ព្រះសង្ឃ, លោកគ្រូ-អ្នកគ្រូ, សិស្សានុសិស្ស និងប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងសុន្ទរកថាស្ដីពីទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣ នៅក្នុងពិធីអបអរសាទរដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ នៅក្នុងឱកាសនោះ អភិបាលខេត្តបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការចងចាំព្រះរាជស្នាព្រះហស្ថរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហនុ ដែលបានទាមទារឯករាជ្យពេញលេញពីបារាំងនៅឆ្នាំ១៩៥៣។
អភិបាលខេត្តបានលើកឡើងពីការប្ដេជ្ញាចិត្តបន្តដើរតាមមាគ៌ាដែលព្រះអង្គបានត្រួសត្រាយសម្រាប់សន្តិភាព សាមគ្គីភាព និងការអភិវឌ្ឍជាតិ។ លើសពីនេះ ពិធីនេះក៏ជាឱកាសរំលឹកដល់វីរភាពរបស់កងយុទ្ធពលខេមរភូមិន្ទ ក្នុងការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីផងដែរ។
លោកអភិបាលខេត្តបានថ្លែងបន្តថា ទិវាបុណ្យឯករាជ្យជាតិ ក៏ជាការរំលឹកអំពីការលំបាកដែលកម្ពុជាបានឆ្លងកាត់ រួមទាំងការដាក់អាណានិគមដោយបារាំងរយៈពេលជិត ១ សតវត្ស, សង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទោះជាយ៉ាងណាក៏ដោយ កម្ពុជាកំពុងអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍប្រទេសជាតិរហូតដល់បច្ចុប្បន្ននេះ។ សមិទ្ធផលសំខាន់ៗដែលសម្រេច បានរួមមាន៖ ការកសាងសន្តិភាព, ស្ថិរភាពនយោបាយ, ការអភិវឌ្ឍសេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
អភិបាលខេត្តបានបញ្ជាក់ទៀតថា សមិទ្ធផលទាំងនេះមិនមែនបានមកដោយចៃដន្យនោះទេ តែជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន និងបន្តវេនដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។
ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម ព្រមទាំងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចខ្ពស់ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយុទ្ធពលខេមរភូមិន្ទនេះ បានប្រារព្ធធ្វើឡើងនៅសួនវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ និងយ៉ាងមហោឡារិក ប្រកបដោយក្ដីសប្បាយរីករាយយ៉ាងក្រៃលែង៕


































