FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីក្រុងពាលី និងសំណេះសំណាលជាមួយកីឡាករ មុនបើកការប្រណាំងទូក «ង» រយៈពេល២ថ្ងៃ ថ្ងៃទី៧-៨ ខែវិច្ឆិកា

07-11-2026 13:10

(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រពៃណីជាតិខ្មែរ, រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន ពិធីសំណេះសំណាលជាមួយក្រុមកីឡាករ ដែលត្រៀមចូលរួមក្នុងពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត ក្រោមអធិបតីភាពរបស់ លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ គណៈកម្មការគ្រប់គ្រងទូក និងក្រុមកីឡាករយ៉ាងច្រើនកុះករ។

នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦ មុនពេលចាប់ផ្តើមការប្រកួត ថ្នាក់ដឹកនាំខេត្ត និងគណៈកម្មការរៀបចំបុណ្យ បានអញ្ជើញប្រារព្ធពិធីបួងសួង និងក្រុងពាលីតាមបែបសាសនា និងទំនៀមទម្លាប់ប្រពៃណីខ្មែរ នៅអាស្រមព្រះអង្គចៅសែន ចុងកោះសំពៅមាស ក្រុងពោធិ៍សាត់ និងនៅបូជនីយដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងទេពជំទាវ ខាន់ ខៀវ ឃុំស្នាមព្រះ ស្រុកបាកាន ដើម្បីឧទ្ទិសបួងសួងសុំសេចក្តីសុខ សុំឱ្យអាកាសធាតុអំណោយផលល្អ និងសុំឱ្យដំណើរការប្រណាំងទូក «ង» ប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងភាពសប្បាយរីករាយជូនដល់កីឡាករ និងមហាជនទូទៅ។

បន្ទាប់ពីពិធីក្រុងពាលីរួចរាល់ ថ្នាក់ដឹកនាំខេត្តបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ ជាមួយគណៈកម្មការទូក និងក្រុមកីឡាករចំណុះទូក «ង» ទាំងអស់ ដោយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងនូវការកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករគ្រប់រូប ព្រមទាំងបានផ្តាំផ្ញើឱ្យប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ គោរពបទបញ្ជាបច្ចេកទេស និងរក្សាស្មារតីកីឡា ឈ្នះដោយកិត្តិយស ចាញ់ដោយអស់ចិត្ត។

សូមជម្រាបជូនថា ពិធីប្រណាំងទូក «ង» ខេត្តពោធិ៍សាត់ នឹងចាប់ផ្តើមបើកឆាកប្រកួតជាផ្លូវការ ចាប់ពីរសៀលថ្ងៃទី០៧ ខែវិច្ឆិកានេះតទៅ ដោយមានរយៈពេល ០២ថ្ងៃពេញ គឺថ្ងៃទី០៧ និងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមដងស្ទឹងពោធិ៍សាត់ ដែលមានទូក «ង» ចូលរួមប្រកួតប្រជែងសរុបចំនួន ៣០ទូក (ស្មើនឹង១៥គូ) រួមមាន៖

*គូទី០១: សស.យ.ក ពោធិ៍សាត់មានជ័យបារមីឃ្លាំងមឿង VS យុវជនអន្លង់ល្វាសែនជ័យបារមីបុត្រីផ្សោត
*គូទី០២: ពោធិ៍សុវណ្ណរង្សីបារមីកុមារពេជ្រ VS បារមីកែវវិជ័យសិរីពោធិ៍សាត់
*គូទី០៣: វាលសាឡឹមមានជ័យបារមីវត្តកញ្ចរខាងត្បូង VS នទីមង្គលកម្ពុជរតនៈមានជ័យ
*គូទី០៤: តេជៈសែនជ័យបារមីព្រះអង្គចៅសែន VS កម្លាំងសាមគ្គីនារីមានជ័យ
*គូទី០៥: ក្រវាញសែនជ័យបារមីតាដំរីស VS មហាហង្សសែនជ័យ
*គូទី០៦: បញ្ញវន្តក្មេងវត្ត សាមគ្គីសែនជ័យ VS ក្រគរមានជ័យបារមីតាមឿង
*គូទី០៧: ឧស្សាហកម្មថាមពលវារីសាមគ្គីសុខសែនជ័យ VS តាតាំងមានជ័យបារមីវត្តសង្កែវារ
*គូទី០៨: កណ្តៀងសុខសិរីមានជ័យ VS វិទ្យាល័យពោធិ៍សាត់សែនមានជ័យ
*គូទី០៩: សង្គមសែនជ័យបារមីគង្គា VS ដែនដីមានជ័យបារមីចៅសែន
*គូទី១០: អប់រំខេមរាសែនជ័យ VS ពោធិ៍វង្សសុខុមាលសែនជ័យសិរីឧត្តម
*គូទី១១: នទីសេដ្ឋាបុប្ផាស្បៃវែងសែនតេជះ VS ទ្រីភាពសែនជ័យបារមីលោកតាគ្រី
*គូទី១២: កោះកែវសែនជ័យបារមីវត្តបាកាន VS ទំព័រសុវណ្ណសែនជ័យបារមីលោកតាត្រី
*គូទី១៣: តេជោសែនជ័យបារមីលកសចាស់ VS តេជៈបារមីរស្មីសាមគ្គីមុន្នីឧត្តម
*គូទី១៤: ពោធិ៍សាត់សែនជ័យបារមីចៅសែន VS តេជះសែនជ័យបារមីនាគស
*គូទី១៥: តេជះតាលោសែនជ័យបារមីថ្មអណ្តែត VS វិស្ណុសែនជ័យបារមីឃ្លាំងមឿង៕