តំណាងអ្នកឧកញ៉ា ម៉ម វណ្ណឌី ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀនទាំង ៤ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ
07-11-2026 11:21
(តាកែវ)៖ លោក ផូរ សុធារៈ អនុប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា តំណាងអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការជួសជុល និងកែលម្អសាលារៀនទាំង ៤ ទីតាំង ស្ថិតក្នុងស្រុកសំរោង ខេត្តតាកែវ រួមមាន៖ សាលាបឋមសិក្សាបត់រកា សាលាបឋមសិក្សាក្រាំងធ្នង់ សាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនស្ដុក និងសាលាបឋមសិក្សា ឱម សុផាត់។
គួរបញ្ជាក់ផងដែរថា សាលារៀនទាំង ៤ ទីតាំងខាងលើ ត្រូវបានបើកការដ្ឋានជួសជុល និងកែលម្អ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ដោយគិតត្រឹមថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ការជួសជុលនៅសាលាបឋមសិក្សាក្រាំងធ្នង់ និងសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែនស្ដុក សម្រេចបាន ១០០ ភាគរយ និងរួចរាល់ជាស្ថាពរ ខណៈសាលាបឋមសិក្សា ឱម សុផាត់ និងសាលាបឋមសិក្សាបត់រកា គ្រោងនឹងបញ្ចប់ការដ្ឋានទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីបន្តរួមចំណែកលើកកម្ពស់វិស័យអប់រំ និងការអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍៕



















