កាកបាទក្រហមកម្ពុជា ផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងពេលមានជម្លោះប្រដាប់អាវុធ ជូនមន្ត្រីកងរាជអាវុធហត្ថ និងសិកា្ខកាម នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង
06-11-2026 22:45
(កំពង់ឆ្នាំង)៖ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយព្រហ្មវិហារធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវការលើកកម្ពស់ ក៏ដូចជាការចូលរួមផ្សព្វផ្សាយ «ច្បាប់មនុស្សធម៌អន្តរជាតិ (IHL)» ។ កន្លងមក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន តែងតែចូលរួមយ៉ាងសកម្មជានិច្ចជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី) ក្នុងកិច្ចសហប្រតិបត្តិការមនុស្សធម៌ ការពង្រឹងចំណេះដឹងច្បាប់សង្គ្រាម និងការការពារជនស៊ីវិលក្នុងស្ថានភាពជម្លោះប្រដាប់អាវុធ។
ជាក់ស្តែង នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់លោក ម៉ែន នារីសោភ័គ អគ្គលេខាធិការ រងទី១ កាកបាទក្រហមកម្ពុជា សហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ បើកវគ្គផ្សព្វផ្សាយស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់ (អាយ.ស៊ី.អរ.ស៊ី.) និងកាកបាទក្រហមកម្ពុជា (កក្រក) ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ជូនដល់មន្ត្រីកងរាជអាវុធហត្ថ និងសិក្ខាកាមដោយមានការចូលរួមពី ប្រតិភូ (អាយ.ស៊ី.អរ.ស៊ី),ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឍមណ្ឌល សរុបចំនួន ៨៥៩នាក់ ។
វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង បញ្ជ្រៀបចំណេះដឹងច្បាប់មនុស្សធម៌អន្តរជាតិ (IHL) និងកិច្ចការពារជនស៊ីវិល ជូនដល់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបង្កើនការយល់ដឹងកាន់តែច្បាស់អំពីតួនាទី និងបេសកកម្មមនុស្សធម៌របស់ (អាយ.ស៊ី.អរ.ស៊ី) និងកាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ សំដៅធានាថាកងកម្លាំងប្រដាប់អាវុធអាចយកចំណេះដឹង និងគោលការណ៍មនុស្សធម៌ទាំងនេះ ទៅអនុវត្តក្នុងការបំពេញភារកិច្ចជាក់ស្តែងប្រកបដោយវិជ្ជាជីវៈ និងស្របតាមបទដ្ឋានច្បាប់អន្តរជាតិ។
ក្នុងឱកាសបូកសរុបវគ្គផ្សព្វផ្សាយនេះលោកស្រីអគ្គលេខាធិការរង បានកោតសរសើរ និងបង្ហាញក្តីរំភើបចំពោះវត្តមានរបស់មន្ត្រីកងរាជអាវុធហត្ថ និងសិក្ខាកាមដែលបានចូលរួមយ៉ាងពោរពេញដោយថាមពល និងការយកចិត្តទុកដាក់ក្នុងវគ្គផ្សព្វផ្សាយនេះ ។
ក្នុងឱកាសនោះដែរលោកស្រីបានបង្ហាញដល់អង្គពិធីអំពីប្រវត្តិនៃអនុសញ្ញាក្រុងហ្សឺណែវ និងប្រវត្តិសង្គ្រាមលោក ដើម្បីឱ្យកងកម្លាំងបានយល់ដឹងពីប្រភព និងការវិវត្តនៃច្បាប់មនុស្សធម៌អន្តរជាតិ។ ជាមួយគ្នានោះលោកស្រីបានលើកយកនូវប្រវត្តិសាស្ត្រ និងអនុសញ្ញាអន្តរជាតិមកពន្យល់ពីភាពខុសគ្នារវាងសង្គ្រាមស៊ីវិល និងសង្គ្រាមអន្តរជាតិ ព្រមទាំងការអនុវត្តអនុសញ្ញាក្រុងហ្សឺណែវទាំង ៤ និងពិធីសារបន្ថែម។
លើសពីនោះ លោកស្រីក៏បានគូសបញ្ជាក់ផងដែរថា កងកម្លាំងប្រដាប់អាវុធ ត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់ពីកាតព្វកិច្ច និងដែនកំណត់ក្នុងពេលមានជម្លោះ ដើម្បីធានាថាការអនុវត្តភារកិច្ចមិនរំលោភបំពានលើគោលការណ៍មនុស្សធម៌។ ជាមួយគ្នានេះលោកស្រី ម៉ែន នារីសោភ័គ បានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់សិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីរួមចំណែកការពារ និងលើកកម្ពស់តម្លៃមនុស្សធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
មុននឹងបញ្ចប់កម្មវិធីលោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ នាយកមជ្ឈមណ្ឌល បានថ្លែងអំណរគុណកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធាន និង អាយ.ស៊ី.អរ.ស៊ី. ដែលបានចុះមកបើកវគ្គផ្សព្វផ្សាយ ហើយវគ្គនេះបានផ្តល់ចំណេះដឹងបន្ថែមដល់កងរាជអាវុធហត្ថ និងសិក្ខាកាម ដើម្បីពង្រឹងបន្ថែមនូវការអនុវត្តន៍ច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសនៅពេលដែលមានជម្លោះ ឬសង្រ្គាមកើតឡើង កងកម្លាំងប្រដាប់អាវុធ បានយល់ដឹងច្បាស់អំពីវិធីសាស្រ្តក្នុងការធ្វើសង្រ្គាម និងគោរពច្បាប់មនុស្សធម៌អន្តរជាតិឲ្យបានខ្ជាប់ខ្ជួន៕




























