FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់

06-11-2026 21:52

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទាំងចូលរួមទស្សនាពិព័រណ៍ផលិតផលខ្មែរ ដែលបានដាក់តាំងបង្ហាញនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អគារ G-L ដែលមានរហូតដល់ទៅ ​២២៣ស្ដង់ ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលក្នុងស្រុក» ដែលបានរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោកជំទាវបណ្ឌិត បានសម្ដែងនូវសេចក្តីរំភើបរីករាយក្រៃលែង ក្នុងឱកាសបានចូលរួមជាអធិបតីសម្រាប់ពិធីបើកពិព័រណ៍ផលិតផលខ្មែរ។

ទន្ទឹមនឹងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត «សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់អញ្ជើញមកទស្សនាពិព័រណ៍ផលិតផលខ្មែរនេះឱ្យបានច្រើនកុះករ និងចូលរួមគាំទ្រតាមរយៈការទិញ ការប្រើប្រាស់ ការផ្សព្វផ្សាយ រួមទាំងការណែនាំ ដើម្បីជាការបំផុសស្មារតីខ្មែរធ្វើបាន ស្មារតីខ្មែរជួយខ្មែរ និងជាពិសេសលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ក្នុងគោលបំណងលើកកម្ពស់គុណភាពផលិតផល បង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ»។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា «ការគាំទ្រផលិតផលរបស់ខ្មែរ មិនមែនមានន័យថាយើងគាំទ្រដោយមិនគិតពីគុណភាពនោះទេ ផ្ទុយទៅវិញសេចក្ដីស្រលាញ់ចំពោះផលិតខ្មែរ និងការគាំទ្រចំពោះផលិតផលខ្មែរ គឺត្រូវប្រែក្លាយជាកម្លាំងជំរុញឱ្យអ្នកផលិតគឺកាន់តែខិតខំប្រឹងប្រែង។ យើងត្រូវតែខិតខំធ្វើឱ្យផលិតផលយើង មានគុណភាពល្អ សុវត្ថិភាពកាន់តែខ្ពស់ មានអនាម័យល្អ មានស្ដង់ដាត្រឹមត្រូវ មានការវេចខ្ចប់ប្រណិត មានភាពទាក់ទាញ មានព័ត៌មានច្បាស់លាស់ និងតម្លៃសមរម្យ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង»។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ជូន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ជាប្រធាន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានពិព័រណ៍ដ៏មានអត្ថន័យនេះឡើង ក្នុងគោលបំណងគាំទ្រផលិតផលក្នុងស្រុក ចូលរួមផ្សព្វផ្សាយ លើកទឹកចិត្តផលិតករខ្មែរ និងលើកកម្ពស់គុណភាពផលិតផលខ្មែរផងដែរ។ លើសពីនេះ លោកជំទាវបណ្ឌិត បានគូសរំលេចផងដែរថា ពិព័រណ៍នេះ គឺជាការបង្ហាញយ៉ាងច្បាស់នូវស្មារតីស្នេហាជាតិ និងបង្ហាញថា ខ្មែរធ្វើបាន ខ្មែរអាចផលិតបាននូវផលិតផលល្អ ប្រកបដោយគុណភាពខ្ពស់ ខ្មែរអាចបង្កើតនូវទំនុកចិត្ត ស្លាកយីហោផ្ទាល់ខ្លួន និងមានសមត្ថភាពចូលរួមប្រកួតប្រជែងយ៉ាងពិតប្រាកដ។

លោកជំទាវបណ្ឌិត ក៏បានសង្កត់ធ្ងន់ថា ប្រធានបទនៃពិព័រណ៍ផលិតផលខ្មែរ មានអត្ថន័យលើសពីការរៀបចំពិព័រណ៍។ «ខ្មែរធ្វើបាន» បង្ហាញពីស្មារតីនៃប្រជាជាតិខ្មែរទាំងមូល ស្របតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់មានប្រសាសន៍ថា «ខ្មែរធ្វើបាន គឺបង្ហាញពីមោទនភាពជាតិ ដែលខ្មែរគ្រប់ជំនាន់អាចធ្វើបាន»៕