រាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតសហព័ន្ធរុស្ស៊ី រៀបចំសិក្ខាសាលាអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ដោយផ្តោតលើសមិទ្ធផល និងទស្សនវិស័យនាពេលអនាគត
06-11-2026 21:20
(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពី «ការរំលឹកខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី៖ សមិទ្ធផល និងទស្សនវិស័យនាពេលអនាគត» នៅសាលទន្លេសាប អគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតនៃស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ អ្នកស្រាវជ្រាវ សិស្ស និស្សិត និងភ្ញៀវកិត្តិយសជាច្រើនរូប។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបង្ហាញនូវមោទនភាពចំពោះការប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងរុស្ស៊ី ដោយបានលើកឡើងថា រយៈពេល៧០ឆ្នាំ គឺជាប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា ការរក្សានិងពង្រឹងទំនាក់ទំនងឱ្យបានយូរអង្វែង មិនអាចផ្អែកតែលើប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានការយល់ដឹងអំពីយុទ្ធសាស្ត្រ ផលប្រយោជន៍ទៅវិញទៅមក ទិសដៅនៃកិច្ចសហប្រតិបត្តិការ និងការបន្តបង្កើតទំព័រថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកបណ្ឌិតសភាចារ្យបានរំលឹកពីតួនាទី និងការរួមចំណែករបស់អតីតសហភាពសូវៀតចំពោះការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ បច្ចេកទេស និងសុខាភិបាល ដូចជា វិទ្យាស្ថានបច្ចេកទេសកម្ពុជា សាលាកសិកម្ម និងមន្ទីរពេទ្យរុស្ស៊ី ដែលជាសមិទ្ធផលសំខាន់ៗមួយចំនួននៃកិច្ចសហប្រតិបត្តិការក្នុងអតីតកាល។ ជាមួយគ្នានេះ លោកបានលើកឡើងពីការទទួលបានចំណេះដឹង និងបទពិសោធន៍ពីប្រទេសរុស្ស៊ី ដើម្បីយកមកចូលរួមអភិវឌ្ឍរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងបានបញ្ជាក់ពីសារៈសំខាន់នៃការផ្លាស់ប្តូរភាសា និងវប្បធម៌ ក្នុងការស្វែងយល់ពីអត្តចរិត ប្រពៃណី និងអរិយធម៌របស់ប្រជាជននៃប្រទេសនីមួយៗ។
លោកក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ីបានផ្តល់ឱកាសដល់សិស្ស និស្សិតកម្ពុជាក្នុងការទទួលបានការអប់រំ និងចំណេះដឹង ដោយមិនគិតថ្លៃសិក្សាក្នុងកម្មវិធីមួយចំនួន ដែលជាការរួមចំណែកដ៏មានតម្លៃដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ។
ដោយឡែក លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា ការរៀបចំសិក្ខាសាលានាពេលនេះ មានអត្ថន័យពិសេសក្នុងការរំលឹកខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ី ដែលបានចាប់ផ្តើមឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ក្នុងសម័យសហភាពសូវៀត។ លោកបានបញ្ជាក់ថា ក្នុងរយៈពេល៧ទសវត្សរ៍កន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានឆ្លងកាត់ការប្រែប្រួលជាច្រើន ស្របតាមបរិបទប្រវត្តិសាស្ត្រអន្តរជាតិ និងការវិវត្តនៃសណ្តាប់ធ្នាប់ពិភពលោក។ ទោះបីជាស្ថានភាពពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយការផ្លាស់ប្តូររវាងប្រជាជន កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងទំនាក់ទំនងវប្បធម៌ នៅតែជាសសរស្តម្ភដ៏សំខាន់ក្នុងការរក្សាចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
លោកបានបន្ថែមថា អតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅសហភាពសូវៀត និងសហព័ន្ធរុស្ស៊ី បានដើរតួនាទីជាស្ពានតភ្ជាប់ដ៏មានតម្លៃរវាងប្រជាជាតិទាំងពីរ តាមរយៈចំណេះដឹង បទពិសោធន៍ និងការផ្លាស់ប្តូរវប្បធម៌ដែលពួកគេបាននាំយកមកកាន់មាតុប្រទេស។
លោកបានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួន៣ រួមមាន៖ ទី១ រំលឹកឡើងវិញនូវប្រវត្តិសាស្ត្រ និងសមិទ្ធផលសំខាន់ៗនៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី ក្នុងរយៈពេល៧០ឆ្នាំកន្លងមក។ ទី២ ផ្តល់ឱកាសដល់អ្នកស្រាវជ្រាវ និងអ្នកជំនាញការទូត ក្នុងការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យនយោបាយ អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទី៣ ពិភាក្សាអំពីទស្សនវិស័យ និងឱកាសថ្មីៗ ដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា-រុស្ស៊ី នាពេលអនាគត ក្នុងបរិបទដែលសណ្តាប់ធ្នាប់ពិភពលោកកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។
ជាចុងក្រោយ លោកបណ្ឌិត យង់ ពៅ បានសម្តែងក្តីសង្ឃឹមថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈ ចំណេះដឹង និងបទពិសោធន៍រវាងអ្នកជំនាញ និងអ្នកពាក់ព័ន្ធ ព្រមទាំងបង្កើតឱកាសថ្មីៗសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី និងជាការចូលរួមចំណែកបន្សល់ទុកនូវមរតកចំណេះដឹងសម្រាប់ក្មេងជំនាន់ក្រោយ។
សូមជម្រាបថា សិក្ខាសាលានេះមិនត្រឹមតែជាការរំលឹកនូវប្រវត្តិសាស្ត្រនៃទំនាក់ទំនងការទូតរយៈពេល៧០ឆ្នាំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសម្រាប់ពិនិត្យមើលសមិទ្ធផលដែលសម្រេចបាន និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ដើម្បីបន្តពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងយូរអង្វែង៕









