គ.ជ.ប និងរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការទទួល ដោះស្រាយពាក្យបណ្ដឹង និងការសង់ស្ថិតិពលរដ្ឋប៉ាន់ស្មានសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត
06-11-2026 21:23
(កំពង់ចាម)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការដាក់ ការទទួល ការដោះស្រាយពាក្យបណ្តឹង និងការសង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ជូនអភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។
អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានរំពឹងទុកថា ក្នុងរយៈពេលពេញមួយថ្ងៃនេះ សមាជិក សមាជិកាទាំងអស់ នឹងទទួលបាននូវពុទ្ធិគ្រប់គ្រាន់តាមរយៈការឧទ្ទេសនាម ពន្យល់បកស្រាយយ៉ាងល្អិតល្អន់ពីសំណាក់វាគ្មិន ពាក់ព័ន្ធនឹងនីតិវិធីទាំងឡាយដែលបានរៀបចំជូនដូចមានក្នុងរបៀបវារៈ។
ឆ្លៀតពេលនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូឧទ្ទេស ដែលបានយកអស់កម្លាំងកាយចិត្ត និងស្មារតីបញ្ចេញអស់ពីសមត្ថភាព ក្នុងការពន្យល់បកស្រាយជាគន្លឹះនូវគ្រប់នីតិវិធីពាក់ព័ន្ធទាំងអស់។
លោក ទេព នីថា អគ្គលេខាធិការដ្ឋាន គ.ជ.ប បានថ្លែងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ គឺជាការងារដ៏សំខាន់មួយក្នុងដំណើរការរៀបចំការបោះឆ្នោត, ដូចនេះទាមទារឲ្យមន្ត្រីគ្រប់លំដាប់ថ្នាក់ មានចំណេះដឹងច្បាស់លាស់មានជំនាញវិជ្ជាជីវៈ មានការទទួលខុសត្រូវ និងមានសមត្ថភាពអនុវត្តការងារបានត្រឹមត្រូវ ស្របតាមច្បាប់បទបញ្ជា និងនីតិវិធី និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន៕






