រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង MHTC ជំរុញកិច្ចសហការផ្សព្វផ្សាយទេសចរណ៍សុខភាពម៉ាឡេស៊ី
06-11-2026 18:02
(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) ដឹកនាំដោយលោក Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងលោក Dato’ Suriaghandi Suppiah នាយកប្រតិបត្តិ MHTC ចូលជួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។ ជំនួបនេះមានគោលបំណងស្វែងរកកិច្ចសហការរវាងក្រសួងព័ត៌មាន និង MHTC ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីទេសចរណ៍សុខភាពទៅកាន់ប្រទេសម៉ាឡេស៊ី។
ជំនួបនេះបានផ្តោតសំខាន់លើការពង្រីកលទ្ធភាពផ្សព្វផ្សាយ និងចែករំលែកព័ត៌មានត្រឹមត្រូវ និងច្បាស់លាស់អំពីសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់នៅប្រទេសម៉ាឡេស៊ី ជូនប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានជំរុញការផ្លាស់ប្តូរព័ត៌មាន បទពិសោធ និងទំនាក់ទំនងរវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ តាមរយៈតួនាទីដ៏សំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ។
កិច្ចសហប្រតិបត្តិការនេះបានបង្ហាញពីសក្តានុពលដ៏ធំធេងក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយជាស្ពានផ្សារភ្ជាប់ព័ត៌មាន និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីវិស័យសុខាភិបាល និងទេសចរណ៍សុខភាព។ ការសហការរវាងក្រសួងព័ត៌មាន និង MHTC នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងវិស័យទេសចរណ៍សុខភាព ព្រមទាំងផ្តល់ជម្រើសសុខភាពល្អប្រសើរសម្រាប់ប្រជាពលរដ្ឋកម្ពុជា។




















