FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បំផុសគំនិតសហគ្រិនជំនាន់ក្រោយ៖ អង្គការឈរុអ៊ូសានសម្រាប់កុមារ និង ភូមិអ៊ីមផេក រៀបចំកម្មវិធីកិច្ចពិភាក្សាចែករំលែកបទពិសោធសហគ្រិនភាព និងដំណើរអាជីវកម្មរបស់សហគ្រិនដល់ យុវជនក្នុងខេត្តបាត់ដំបង

06-11-2026 18:02

(ភ្នំពេញ)៖ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានប្រកាសក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ថា ការបង្កើតការងារសម្រាប់យុវជន និងការអភិវឌ្ឍជនបទ គឺជាអាទិភាពចម្បង។

សម្រាប់យុវជននៅតាមបណ្តាខេត្តដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម ការដែលគំនិត និងដើមទុនតែមួយមុខគឺមិនទាន់គ្រប់គ្រាន់នោះទេ ពួកគេក៏ត្រូវការស្តាប់បទពិសោធពិតប្រាកដពីបុគ្គលដែលធ្លាប់ឆ្លងកាត់ការលំបាកទាំងនោះពីមុនមកផងដែរ។ ប៉ុន្តែគួរឲ្យស្តាយ ឱកាសបែបនេះភាគច្រើននៅតែមានភាពប្រមូលផ្តុំនៅរាជធានី ដែលធ្វើឱ្យយុវជននៅតាមខេត្តពិបាកទទួលបាន។

ដើម្បីជួយបំពេញគម្លាតនេះ អង្គការឈរុអ៊ូសានសម្រាប់កុមារ និង ភូមិអ៊ីមផេក បានរៀបចំកម្មវិធីកិច្ចពិភាក្សាចែករំលែកបទពិសោធសហគ្រិនភាព (DYNAMIC EntreVenture Talk) នៅខេត្តបាត់ដំបង ប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែតុលា។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមគម្រោង៖ «អភិវឌ្ឍន៍យុវជន និង ពង្រឹងសហគ្រិនភាព ក្នុងវិស័យកសិកម្ម ដើម្បីលើកម្ពស់ទីផ្សារ និងភាពរីកចម្រើន របស់សហគមន៍ (DYNAMIC)»។

កម្មវិធីនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់យុវជនក្នុងខេត្តបាត់ដំបងដែលជាទីកន្លែងមានវិស័យកសិកម្មជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចក្នុងស្រុកក្នុងគោលបំណងបំផុសគំនិតយុវជនឱ្យមើលឃើញថាសហគ្រិនភាពគឺជាផ្លូវអាជីពដ៏មានសក្តានុពល និងអាចសម្រេចបានពិតប្រាកដ។

កម្មវិធីកិច្ចពិភាក្សាចែករំលែកបទពិសោធសហគ្រិនភាព DYNAMIC បានទាក់ទាញយុវជនក្នុងស្រុកចំនួន ១៤៧នាក់ និងអាជីវកម្មចំនួន ១៣ មកពីខេត្តបាត់ដំបង។ វាគ្មិន និងសមាជិកកិត្តិយសនៃកិច្ចពិភាក្សា រួមមាន៖

- លោកស្រី ហូ ដានី អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ដបាត់ដំបង
- លោកស្រី សួស ស៊ីណាត ស្ថាបនិក និង នាយកប្រតិបត្តិ នៃ វិចិត្រសាល ផ្ទះបុស្បា និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA - សាខាខេត្តបាត់ដំបង)
- លោក លីម សីហា ស្ថាបនិក ធូបបូអាគ្រីហ្វូដ (THUPBO AgriFood)
- លោក ង៉ែត ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅ សិប្បកម្មស្រីមុំកែច្នៃគ្រាប់ធញ្ញជាតិ
- លោក ហ៊ូ សុភាព ស្ថាបនិក សិប្បកម្មប្រេង ខេអេច - KH Oil Handicraft

នៅក្នុងសុន្ទរកថាស្វាគមន៍ លោក ជេក យ៊ុនរ៉ូ នាយកប្រចាំប្រទេស អង្គការឈរុអ៊ូសានសម្រាប់កុមារ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ «នវានុវត្តន៍ចាប់ផ្តើមឡើងនៅពេលដែលយើងមើលឃើញឱកាស នៅក្នុងអ្វីដែលអ្នកដទៃមើលឃើញត្រឹមតែជាបញ្ហា»។

លោកបានបន្ថែមថា៖ «វាគ្មិនភាគច្រើនដែលចូលរួមនៅថ្ងៃនេះ បានកសាងអាជីវកម្មរបស់ពួកគេចេញពីធនធានដែលមានស្រាប់នៅក្នុងខេត្តបាត់ដំបង»។ ក្នុងការលើកទឹកចិត្តដល់អ្នកចូលរួម

លោកបានរំលេចថា៖ «សំណាង និងឱកាស ជារឿយៗតែងតែធ្លាក់ទៅលើបុគ្គលដែលបានត្រៀមខ្លួនរួចជាស្រេច» ហើយបានណែនាំពួកគេឱ្យ «បន្តរក្សាភាពចង់ដឹងចង់ឃើញ ចោទសួរ និងត្រឡប់ទៅផ្ទះវិញជាមួយនឹងគំនិតយ៉ាងហោចណាស់មួយដើម្បីយកទៅសាកល្បងសម្រាប់ឱកាសអាជីវកម្ម»។

នៅក្នុងសុន្ទរកថាបើកជាបន្ត លោកស្រី ហូ ដានី អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ដបាត់ដំបង បានមានប្រសាសន៍ថា៖ «កម្មវិធីនាថ្ងៃនេះគឺមានសារៈសំខាន់ណាស់សម្រាប់យុវជនដែលមានបំណងចង់ចាប់ផ្តើមអាជីវកម្ម»។

លោកស្រីបានបន្ថែមថា៖ «ការចែករំលែកចំណេះដឹង និងបទពិសោធ ព្រមទាំងការលើកទឹកចិត្តយុវជនឱ្យហ៊ានបោះជំហានដំបូង គឺប្រៀបដូចជាដើមទុនដែលផ្តល់ឱ្យពួកគេនូវទំនុកចិត្ត និងការប្តេជ្ញាចិត្តដើម្បីឈានទៅមុខជាជំហានៗ ប្រៀបដូចជាភ្លៀងរលឹមយ៉ាងដូច្នោះដែរ»។

កម្មវិធីចែករំលែកបទពិសោធសហគ្រិនភាព បានចាប់ផ្តើមឡើងដោយមាន លោក ង៉ែត ពិសិដ្ឋ អ្នកគ្រប់គ្រងទូទៅ សិប្បកម្មស្រីមុំកែច្នៃគ្រាប់ធញ្ញជាតិ និង លោក ហ៊ូ សុភាព ស្ថាបនិក សិប្បកម្មប្រេង ខេអេច - KH Oil Handicraft ដែលជាសហគ្រាសសង្គមផ្តោតលើការកែច្នៃផលិតផលកសិកម្ម ជាវាគ្មិនសំខាន់ៗ បានចែករំលែកបទពិសោធពីដំណើរការនៃការចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។

មុនពេលគ្រប់គ្រងសិប្បកម្មស្រីមុំ ដែលជាអាជីវកម្មកែច្នៃអាហារ នៅក្នុងឆ្នាំ២០២២ លោក ង៉ែត ពិសិដ្ឋ ធ្លាប់បានបម្រើការជាអ្នកគ្រប់គ្រងទូទៅនៅអង្គការមិនមែនរដ្ឋាភិបាល Child Care Plus។

តាមរយៈការធ្វើបទបង្ហាញក្រោមប្រធានបទ៖ «ជំហានដំបូងនៃការចាប់ផ្តើមអាជីវកម្ម» លោកបានបណ្តុះស្មារតីដល់សហគ្រិនវ័យក្មេងថា កុំរង់ចាំរហូតដល់មានដើមទុនធំទើបចាប់ផ្តើមធ្វើសកម្មភាព។ ដើម្បីពង្រឹងចំណុចនេះ លោកបានចែករំលែកពីរបៀបដែលសិប្បកម្មស្រីមុំចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដោយប្រើប្រាស់ដើមទុនវិនិយោគដំបូងត្រឹមតែ ១០០.០០០ រៀល (ប្រហែល ២៥ ដុល្លារអាមេរិក) ប៉ុណ្ណោះ។

លោកបានប្រៀបធៀបស្មារតីនៃការរៀនសូត្រឥតឈប់ឈរទៅនឹង៖ «កែវទឹកដែលពេញពាក់កណ្តាល» ដោយសង្កត់ធ្ងន់ថា ស្ថាបនិកមិនគួរមានអារម្មណ៍ស្កប់ស្កល់ថា កែវរបស់ខ្លួនពេញនោះទេ ប៉ុន្តែផ្ទុយទៅវិញ ត្រូវតែស្វែងរកចំណុចដែលនៅខ្វះខាត និងកន្លែងដែលត្រូវកែលម្អបន្ថែមទៀតជាប្រចាំ។

ផ្អែកលើប្រធានបទ៖ «អ្វីដែលខ្ញុំបានរៀនសូត្រក្នុងនាមជាស្ថាបនិក» លោក ហ៊ូ សុភាព ស្ថាបនិកក្រុមហ៊ុនកែច្នៃផលកសិកម្ម KH Oil Handicraft បានចែករំលែកដោយស្មោះត្រង់អំពីបទពិសោធបរាជ័យដំបូងៗរបស់លោក។

លោកបានពន្យល់ថា ការចាប់ផ្តើមអាជីវកម្មដំបូងរបស់លោកបានបង្កើតឡើងក្នុងគោលបំណងគាំទ្រសហគមន៍មូលដ្ឋាន និងការពារបរិស្ថានដោយគ្រាន់តែផ្អែកលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួនច្រើនជាងតម្រូវការប្រាកដប្រជារបស់អតិថិជន ជាចុងក្រោយត្រូវបរាជ័យដោយសារតែមិនអាចស្វែងរកតម្រូវការទីផ្សារបាន។

ក្រោយមក លោកបានចូលរួមក្នុងកម្មវិធីគាំទ្រអាជីវកម្មដែលរៀបចំដោយភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដែលបានតម្រង់ទិសឱ្យលោកផ្លាស់ប្តូរគំរូអាជីវកម្មដោយផ្តោតលើភាពដែលអាចលក់បានលើទីផ្សារជាអាទិភាព។ ដោយឆ្លុះបញ្ចាំងពីបញ្ហាប្រឈមនាពេលកន្លងមក លោកបានកត់សម្គាល់ថា៖ «ការអភិវឌ្ឍសហគមន៍ មិនមែនមានន័យត្រឹមតែជាការធ្វើសប្បុរសធម៌នោះទេ»។​

ដោយលោកបានបន្ថែមថា៖ «វាក៏អាចមានន័យថាជាការលើកកម្ពស់វត្ថុធាតុដើមកសិកម្មក្នុងស្រុក ឱ្យក្លាយទៅជាផលិតផលដែលមានគុណភាពខ្ពស់ផងដែរ»។​ បន្ទាប់ពីការធ្វើបទបង្ហាញ ក៏មានកិច្ចពិភាក្សាដេញដោលលើប្រធានបទ «ការពិតជាក់ស្តែងនៃការធ្វើជាសហគ្រិន និងឱកាស»។

សម្របសម្រួលដោយ កញ្ញា​ ទស់ ភក្ដី ស្ថាបនិក និងប្រធានកម្មវិធី នៃភូមិអ៊ីមផេក កិច្ចពិភាក្សានេះមានការចូលរួមពី លោកស្រី ហូ ដានី អនុប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ដបាត់ដំបង, លោកស្រី សួស ស៊ីណាត​ ស្ថាបនិក និង នាយកប្រតិបត្តិ នៃ វិចិត្រសាល ផ្ទះបុស្បា និងជាប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា (CWEA - សាខាខេត្តបាត់ដំបង) និង លោក លីម សីហា ស្ថាបនិក ធូបបូអាគ្រីហ្វូដ (THUPBO AgriFood) ដែលជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលអាហារ។ ផ្អែកលើបទពិសោធជាក់ស្តែងដ៏ទូលំទូលាយរបស់ពួកគេ សមាជិកពិភាក្សាបានផ្តល់នូវអនុសាសន៍ និងទស្សនទានការងារជាក់ស្តែងសម្រាប់សហគ្រិនវ័យក្មេងដែលមានបំណងចាប់ផ្តើមអាជីវកម្ម។

កិច្ចពិភាក្សាបានចាប់ផ្តើមឡើងជាមួយនឹងសំណួរថា៖ «ចំពេលមានបញ្ហាប្រឈមសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំ២០២៦ តើពេលនេះជាពេលវេលាល្អក្នុងការចាប់ផ្តើមអាជីវកម្មដែរឬទេ?»

សមាជិកពិភាក្សាបានយល់ស្របគ្នាថា សហគ្រិនមិនបាក់ទឹកចិត្តដោយសារស្ថានភាពសេដ្ឋកិច្ចទូទៅនោះទេ ដោយបានសង្កត់ធ្ងន់ថា អាជីវកម្មអាចរក្សាភាពស្ថិតស្ថេរបាន តាមរយៈការផ្អែកលើអ្នកប្រើប្រាស់ក្នុងស្រុក និងការបង្កើតបណ្តាញអតិថិជនស្មោះត្រង់។

ក្នុងការបកស្រាយបន្ថែមអំពីការផ្ទៀងផ្ទាត់ទីផ្សារ លោក លីម សីហា បានសង្កត់ធ្ងន់ថា៖ «ផលិតផលគួរតែត្រូវបានអភិវឌ្ឍឡើងជុំវិញចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នកប្រើប្រាស់មិនមែនផ្អែកលើការសន្មតផ្ទាល់ខ្លួននោះទេ»។

លោកស្រី សួស ស៊ីណាត បានលើកទឹកចិត្តសហគ្រិនស្ត្រីឱ្យ៖ «ផ្លាស់ប្តូរចំណង់ចំណូលចិត្តឱ្យទៅជាសកម្មភាព និងរក្សាភាពធន់ចំពោះឧបសគ្គ» ខណៈដែល លោកស្រី ហូ ដានី បានរំលេចអំពីកម្មវិធីគាំទ្រជាច្រើនរបស់រាជរដ្ឋាភិបាល ដែលកំពុងមានសម្រាប់ស្ថាបនិកអាជីវកម្មក្នុងស្រុកនាពេលបច្ចុប្បន្ន។

ក្នុងវគ្គសួរ និងឆ្លើយ បន្ទាប់មក សមាជិកពិភាក្សាបានផ្តល់អនុសាសន៍រួមគ្នាដល់សហគ្រិនវ័យក្មេងឱ្យ៖ «មានភាពច្បាស់លាស់អំពីគោលបំណងស្នូលនៃការចាប់ផ្តើមអាជីវកម្ម បោះជំហានតូចៗប៉ុន្តែច្បាស់លាស់ និងកសាងទំនុកចិត្តយូរអង្វែងតាមរយៈគុណភាពផលិតផល និងអនាម័យ»។

ផ្នែកចុងក្រោយនៃកម្មវិធី DYNAMIC EntreVenture Talk គឺជាការដាក់បង្ហាញផលិតផលដោយអាជីវកម្មក្នុងខេត្តបាត់ដំបង។ ការពិព័រណ៍នេះបានបង្ហាញពីផលិតផលក្នុងតំបន់យ៉ាងសម្បូរបែប រាប់ចាប់ពីអាហារកែច្នៃបន្ថែមតម្លៃដូចជា ប្រេងដូង ម្ទេសក្រឡុក ទឹកប៊ីតរូត ទឹកពោត និងនំកសិកម្ម ព្រមទាំងជីធម្មជាតិ និងកម្មវិធីបណ្តុះបណ្តាលសរសេរកូដ (Coding) ផងដែរ។

អ្នកចូលរួមបានទស្សនាស្តង់ពិព័រណ៍ ពិនិត្យមើលផលិតផលផ្ទាល់ និងបានទិញដោយផ្ទាល់ពីអ្នកលក់ក្នុងស្រុក។ អ្វីដែលកត់សម្គាល់នោះ គឺអាជីវកម្មមួយចំនួនជាអាជីវកម្មរបស់វាគ្មិន និងសមាជិកពិភាក្សាក្នុងកម្មវិធីផងដែរ វាជាឱកាសដែលឱ្យអ្នកចូលរួមមើលឃើញនូវសមិទ្ធិផលឬផលិតផលជាក់ស្តែងដែលកើ់តចេញពីការប្រឹងប្រែង និងដំណើរអាជីវកម្មរបស់វាគ្មិន

គំនិតផ្តួចផ្តើម DYNAMIC ទទួលបានថវិកាជំនួយចំនួន ២,៤៥ លានដុល្លារអាមេរិក ពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាង អង្គការឈរុអ៊ូសានសម្រាប់កុមារ (CUFC), ក្រុមហ៊ុន Wonders International (WI) និង ភូមិអ៊ីមផេក (Phum Impact) ដើម្បីពង្រឹងការចូលរួមរបស់យុវជននៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងអាជីវកម្មថ្មីថ្មោងនៅកម្ពុជា។

ព្រឹត្តិការណ៍នេះបានផ្តល់ឱ្យអ្នកចូលរួមនូវការទទួលបានបទពិសោធអាជីវកម្មជាក់ស្តែង ចំណេះដឹងសហគ្រិនភាព និងការភ្ជាប់ទំនាក់ទំនងដ៏មានតម្លៃនៅក្នុងសហគមន៍អាជីវកម្មក្នុងស្រុក។

តាមរយៈការអប់រំសហគ្រិនភាព និងកម្មវិធីកិច្ចពិភាក្សាចែករំលែកបទពិសោធ DYNAMIC EntreVenture Talk ក្រោមគម្រោង DYNAMIC អង្គការឈរុអ៊ូសានសម្រាប់កុមារ (CUFC) បានបង្កើនសមត្ថភាពយុវជនឱ្យមានកម្លាំងចិត្ត និងទំនុកចិត្តចាំបាច់ក្នុងការបង្កើតអាជីវកម្ម។ អង្គការមានផែនការក្នុងការពង្រីកការផ្តល់ជូនការអប់រំ និងការគាំទ្រជាបន្តបន្ទាប់សម្រាប់សហគ្រិនវ័យក្មេងនៅទូទាំងប្រទេស។

អំពី អង្គការឈរុអ៊ូសានសម្រាប់កុមារ (CUFC)
បង្កើតឡើងក្នុងឆ្នាំ១៩៤៨ អង្គការឈរុអ៊ូសានសម្រាប់កុមារ (CUFC) គឺជាអង្គការសុខុមាលភាពកុមារឈានមុខគេ មួយដែលផ្ដោតលើការធានាឱ្យកុមារធំធាត់ឡើងដោយសប្បាយរីករាយ និងមានសុខភាពល្អ។ អស់រយៈពេល ៧៨ឆ្នាំមកនេះ CUFC បានផ្តល់សេវាកម្មសុខុមាលភាពប្រកបដោយឯកទេស និងស្តង់ដារនៅទូទាំងវិស័យសំខាន់ៗនៃការអភិវឌ្ឍកុមារ រួមមានការថែទាំ ភាពម្ចាស់ការលើខ្លួនឯង ការអប់រំ សុខភាព និងសុវត្ថិភាព និងជម្រក។

ក្នុងនាមជាអ្នកដឹកនាំដើម្បីកុមារជាសកល CUFC បានពង្រីកប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិរបស់ខ្លួនក្នុងឆ្នាំ១៩៩៥ ហើយបច្ចុប្បន្នកំពុងគាំទ្រកុមារនៅក្នុង ២៧ ប្រទេស ដើម្បីធានាថាពួកគេធំធាត់ក្នុងបរិស្ថានប្រកបដោយសុវត្ថិភាព និងជៀសផុតពីគ្រោះថ្នាក់ និងភាពក្រីក្រ។

អំពី ភូមិអ៊ីមផេក (Phum Impact)
ភូមិអ៊ីមផេក (Phum Impact) គឺជាសហគ្រាសសង្គមដែលបង្កើតឡើងដោយយុវជន និងមានមូលដ្ឋាននៅខេត្តបាត់ដំបង ដែលដើរតួនាទីជាស្ពានតភ្ជាប់រវាងអង្គការមិនមែនរដ្ឋាភិបាល (NGOs) និងវិស័យធុរកិច្ច។ ភូមិអ៊ីមផេក (Phum Impact) ផ្តល់សិទ្ធិអំណាច និងគាំទ្រដល់យុវជនដែលមានគំនិតច្នៃប្រឌិត និងសហគ្រិនវ័យក្មេង ឱ្យក្លាយជាអ្នកបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។

ភូមិអ៊ីមផេក (Phum Impact) លើកកម្ពស់ភាពជាសហគ្រិន និងនវានុវត្តន៍ក្នុងចំណោមសិស្ស និស្សិត និងយុវជន តាមរយៈការបំពាក់បំប៉ននូវជំនាញសតវត្សទី២១ ទំនុកចិត្តលើខ្លួនឯង និងផ្នត់គំនិតផ្តោតលើការដោះស្រាយបញ្ហា។ តាមរយៈការបណ្តុះបណ្តាល ការបង្វឹកណែនាំ ឧបករណ៍ និងការកសាងបណ្តាញទំនាក់ទំនង ភូមិអ៊ីមផេក (Phum Impact) គាំទ្រដល់យុវជនក្នុងការចាប់ផ្តើមអនុវត្តគំនិតផ្តួចផ្តើមរបស់ខ្លួន និងជំរុញគំនិតទាំងនោះឱ្យរីកចម្រើនទៅកាន់កម្រិតបន្ទាប់។

លើសពីនេះ ភូមិអ៊ីមផេក (Phum Impact) ក៏មានផ្តល់សេវាកម្មទីផ្សារឌីជីថល ការផលិតវីដេអូ និងការថតរូប សម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ព្រមទាំងអង្គការដែលគាំទ្រដល់ការអភិវឌ្ឍសហគ្រាសផងដែរ។ បន្ថែមពីនេះ ភូមិអ៊ីមផេក (Phum Impact) ក៏មានផ្តល់សេវាជួលទីតាំង និងកន្លែងធ្វើការសម្រាប់សហគ្រាសមីក្រូ តូច និងមធ្យម និងអង្គការគាំទ្រសហគ្រាសផងដែរ៕