FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ដ្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំប្រតិភូចូលរួមកម្មវិធី Silicon Valley Summit 2026 នៅសហរដ្ឋអាមេរិក

06-11-2026 17:19

(អាមេរិក)៖ លោក សំ សិទ្ធិសេរី នៅថ្ងៃទី៣-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ចូលរួមកម្មវិធី Silicon Valley Summit 2026 រៀបចំដោយក្រុមហ៊ុន Plug and Play ដោយមានការចូលរួមពីតំណាងបណ្ដាប្រទេសដៃគូ ២០ប្រទេស និងមានអ្នកចូលរួមជាង ៤០០០នាក់ រួមមាន ធុរកិច្ចថ្មីឌីជីថល វិនិយោគគិន អ្នកជំនាញបច្ចេកវិទ្យា និងក្រុមហ៊ុនអន្តរជាតិធំៗដូចជា Dell, Microsoft, Google, Amazon, Einride, DHL, IBM, Starbucks និង Y Combinator នៅទីក្រុង Sunnyvale រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

សូមជម្រាបជូនថា កម្មវិធី Silicon Valley Summit ត្រូវបានរៀបចំឡើងពីរដងក្នុងមួយឆ្នាំ ដើម្បីពង្រីកទំនាក់ទំនងក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថល គាំទ្រធុរកិច្ចថ្មីឌីជីថល ដោយដាក់បង្ហាញពីផលិតផលនិងសេវាកម្មផ្សេងៗ និងចែករំលែកបទពិសោធដោយតំណាងរដ្ឋាភិបាល ស្ថាបនិកធុរកិច្ចថ្មី និងក្រុមហ៊ុនអន្តរជាតិធំៗមកពីជុំវិញពិភពលោក។

នៅក្នុងកម្មវិធីនេះ លោក សំ សិទ្ធិសេរី បានធ្វើបទបង្ហាញស្ដីអំពីវឌ្ឍនភាពនៃសួនឌីជីថល នៅកម្ពុជា និងមានជំនួបជាមួយ អនុរដ្ឋមន្រ្តីនៃក្រសួងស្រាវជ្រាវ នវានុវត្តន៍ និងគោលនយោបាយឌីជីថលនៃសាធារណរដ្ឋស៉ីប (Cyprus) តំណាងក្រុមហ៊ុន Plug and Play និងស្ថាបនិកធុរកិច្ចថ្មីឌីជីថលផ្នែកបញ្ញាសិប្បនិម្មិត ដើម្បីពិភាក្សានិងចែករំលែកបទពិសោធន៍អំពីកម្មវិធីពន្លឿនធរុកិច្ចថ្មីឌីជីថល គម្រោងសួនឌីជីថល និងព្រឹត្តិការណ៍ Franco Tech នៅប្រទេសកម្ពុជានាពេលខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ ស្ថាបនិកធុរកិច្ចថ្មីឌីជីថលផ្នែកសុខាភិបាល QlinicOS របស់ប្រទេសកម្ពុជា បានធ្វើបទបង្ហាញស្ដីពីសេវាកម្មឌីជីថលរបស់ខ្លួន ដើម្បីពង្រីកទំនាក់ទំនង ស្វែងរកដៃគូសហការ និងការវិនិយោគ។

ជាមួយគ្នានេះ លោក និងប្រតិភូ ក.ប.ទ. ក៏បានជួបពិភាក្សាជាមួយតំណាងសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិកដូចជា UC Berkeley និង Portland State University ព្រមទាំងបានធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Adobe និងក្រុមហ៊ុន NVIDIA នៅទីក្រុង Sunnyvale នេះផងដែរ៕