រដ្ឋបាលខេត្តស្វាយរៀង រៀបចំពិធីមីទ្ទិញខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ
06-11-2026 16:20
(ស្វាយរៀង)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំពិធីមីទ្ទិញរំលឹកខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត។
ពិធីដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាពនានា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ សរុបប្រមាណ ៣៥០០នាក់។ មីទ្ទិញនេះ គឺជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបអាណានិគមនិយមបារាំង។
ក្នុងឱកាសនេះ អង្គពិធីទាំងមូលបានសម្តែងនូវកតញ្ញុតាធម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណា ព្រះបាទ នរោត្តម សីហនុ អតីតព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណជម្នះគ្រប់ឧបសគ្គ ដើម្បីនាំមកនូវសន្តិភាព ការផ្សះផ្សរជាតិ ភាពចម្រុងចម្រើន និងកិត្តិយសដល់មាតុភូមិ និងប្រជារាស្ត្រខ្មែររហូតមកដល់បច្ចុប្បន្ន៕








