រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ សម្ពោធជាផ្លូវការសាលាកុមារប៉ាស៊ីហ្វិក ទីតាំងច្បារអំពៅ និងប្រកាសបើកដំណើរការមជ្ឈមណ្ឌលអប់រំកុមារតូចខេមប្រ៊ីជ
06-11-2026 16:14
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ សាលាកុមារប៉ាស៊ីហ្វិក (Pacific Kids School – PKS) បានសម្ពោធទីតាំងច្បារអំពៅ និងប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលអប់រំកុមារតូចខេមប្រ៊ីជ (Cambridge Early Years Centre)។ ព្រឹត្តិការណ៍នេះជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយរបស់សាលា ព្រមទាំងបង្ហាញពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តក្នុងការចូលរួមលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា តាមរយៈការផ្តល់នូវកម្មវិធីសិក្សាដែលមានស្តង់ដារអន្តរជាតិ និងបរិយាកាសសិក្សាដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍរបស់កុមារ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីលោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប លោកជំទាវ យូរ ឃីម ធីឡាយ លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប និងលោក LIM Melvyn ប្រធានគ្រប់គ្រងជាន់ខ្ពស់ប្រចាំប្រទេស តំណាងឱ្យ Cambridge University Press & Assessment ព្រមទាំងថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល និងសិស្សានុសិស្សជាច្រើនរូប។
ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០២២ សាលាកុមារប៉ាស៊ីហ្វិកបានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួនជាបន្តបន្ទាប់ រហូតមានសាខាចំនួន ៧ទីតាំងនៅទូទាំងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ន។
សមិទ្ធផលនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើនរបស់សាលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកអាណាព្យាបាល និងការខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់រូប ក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព ព្រមទាំងបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ចំពោះកុមារ។
ជាក់ស្តែងសាលាកុមារប៉ាស៊ីហ្វិក ទីតាំងច្បារអំពៅ មានសិស្សកំពុងសិក្សាប្រមាណ ១៤០នាក់ ដែលជាសក្ខីភាពបង្ហាញពីការគាំទ្ររបស់សហគមន៍មូលដ្ឋាន និងទំនុកចិត្តរបស់អ្នកអាណាព្យាបាលចំពោះគុណភាពអប់រំ និងការថែទាំអភិវឌ្ឍបុត្រធីតារបស់ពួកគេ។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់សាលាកុមារប៉ាស៊ីហ្វិក ព្រមទាំងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការអប់រំកុមារតូច ក្នុងនាមជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។
លោកស្រីបណ្ឌិត គឹម សេដ្ឋានី បានបញ្ជាក់ថា ការនាំយកកម្មវិធីអប់រំកុមារតូចតាមស្តង់ដារអន្តរជាតិខេមប្រ៊ីជមកអនុវត្តនៅកម្ពុជា គឺជាការចូលរួមចំណែកដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំតាំងពីវ័យកុមារភាព និងស្របតាមទិសដៅនៃកំណែទម្រង់វិស័យអប់រំរបស់កម្ពុជា។
ជាមួយគ្នានេះ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក និងជាស្ថាបនិកស្ថាប័នអប់រំ អ៉ិន ធី ស៊ី គ្រុប ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាលាកុមារប៉ាស៊ីហ្វិក ក្នុងការរួមចំណែកជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
លោកបានចាត់ទុកការទទួលបានការទទួលស្គាល់ជាមជ្ឈមណ្ឌលអប់រំកុមារតូចខេមប្រ៊ីជថា ជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងគុណភាពកម្មវិធីសិក្សា និងនាំយកឱកាសទទួលបានការអប់រំតាមស្តង់ដារអន្តរជាតិមកកាន់កុមារកម្ពុជាតាំងពីដំណាក់កាលដំបូងនៃជីវិត។
លោកក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តវិនិយោគលើគុណភាពអប់រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងការបង្កើតបរិយាកាសសិក្សាដែលជួយឱ្យកុមារម្នាក់ៗអាចអភិវឌ្ឍសក្តានុពលរបស់ខ្លួនបានពេញលេញ។
ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកស្រី ប៉ាង ពេជ្រសណ្ដាប់ ប្រធានផ្នែកប្រតិបត្តិការ នៃសាលាកុមារប៉ាស៊ីហ្វិក បានរំលេចពីដំណើរវិវឌ្ឍរបស់សាលា ចាប់តាំងពីការបង្កើតឡើង រហូតឈានដល់សមិទ្ធផលនាពេលបច្ចុប្បន្ន។ លោកស្រីបានលើកឡើងថា ការអប់រំកុមារតូចមិនមែនគ្រាន់តែជាការផ្តល់ចំណេះដឹងដំបូងប៉ុណ្ណោះទេ ប៉ុន្តែជាដំណាក់កាលដ៏សំខាន់ក្នុងការកសាងមូលដ្ឋានគ្រឹះនៃការគិត ការរៀនសូត្រ បុគ្គលិកលក្ខណៈ និងជំនាញសង្គមរបស់កុមារ ដែលនឹងជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់ពួកគេនាពេលអនាគត។
លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកអាណាព្យាបាលដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រសាលាកន្លងមក ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ដែលបានរួមចំណែកយ៉ាងសកម្មក្នុងដំណើររីកចម្រើននេះ។
លោកស្រីបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការបន្តពង្រឹងគុណភាពកម្មវិធីសិក្សា អភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូបង្រៀន និងបង្កើតបរិយាកាសសិក្សាដែលផ្តោតលើកុមារជាស្នូល ដោយផ្តល់សារៈសំខាន់ដល់តម្រូវការ ចំណាប់អារម្មណ៍ និងសក្តានុពលរៀងៗខ្លួន។ គោលដៅចម្បងគឺជួយឱ្យកុមារមានភាពជឿជាក់លើខ្លួនឯង ចេះគិត ចេះស្វែងយល់ មានភាពច្នៃប្រឌិត និងស្រឡាញ់ការរៀនសូត្រ ដើម្បីក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការរីកចម្រើនក្នុងជីវិត។
ក្នុងនាមជាតំណាងរបស់ Cambridge University Press & Assessment លោក LIM Melvyn ប្រធានគ្រប់គ្រងជាន់ខ្ពស់ប្រចាំប្រទេស បានចូលរួមអបអរសាទរចំពោះសមិទ្ធផលរបស់សាលាកុមារប៉ាស៊ីហ្វិក និងការឈានទៅដល់ដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការផ្នែកអប់រំ។ ការទទួលបានការទទួលស្គាល់ជាមជ្ឈមណ្ឌល Cambridge Early Years បង្ហាញពីការប្តេជ្ញាចិត្តរបស់សាលាក្នុងការអនុវត្តកម្មវិធីសិក្សាដែលមានក្របខណ្ឌ និងគោលការណ៍អប់រំច្បាស់លាស់ ព្រមទាំងបន្តពង្រឹងការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីធានាថាកុមារទទួលបានបទពិសោធន៍រៀនសូត្រប្រកបដោយគុណភាព និងអត្ថន័យ។
កម្មវិធីសិក្សា Cambridge Early Years ត្រូវបានរៀបចំឡើងដោយផ្តោតលើការអភិវឌ្ឍកុមារគ្រប់ជ្រុងជ្រោយ តាមរយៈវិស័យសិក្សាសំខាន់ៗចំនួន ៦រួមមាន៖ ភាសា និងអក្ខរកម្ម ការបញ្ចេញមតិប្រកបដោយភាពច្នៃប្រឌិត គណិតវិទ្យា ការអភិវឌ្ឍរាងកាយ ការអភិវឌ្ឍបុគ្គលិកលក្ខណៈ សង្គម និងអារម្មណ៍ ព្រមទាំងការយល់ដឹងអំពីពិភពលោកជុំវិញខ្លួន។
កម្មវិធីនេះលើកទឹកចិត្តឱ្យកុមាររៀនសូត្រតាមរយៈការលេង ការរុករក ការសង្កេត និងការសាកល្បង ដែលជួយជំរុញការគិត ការដោះស្រាយបញ្ហា ការសហការ និងភាពជឿជាក់លើខ្លួនឯង។ វិធីសាស្ត្រនេះមិនត្រឹមតែជួយឱ្យកុមារទទួលបានចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យពួកគេចេះប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ដើម្បីស្វែងយល់ពីពិភពលោកជុំវិញខ្លួនផងដែរ។
ទន្ទឹមនឹងការយកចិត្តទុកដាក់លើកម្មវិធីសិក្សា សាលាកុមារប៉ាស៊ីហ្វិកក៏បានផ្តោតសំខាន់លើការរៀបចំបរិយាកាសសិក្សាដែលមានសុវត្ថិភាព ផាសុកភាព និងសមស្របទៅតាមដំណាក់កាលនៃការលូតលាស់របស់កុមារ។ បន្ទប់រៀន កន្លែងលេង និងបរិវេណសាលាត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការរៀនសូត្រតាមរយៈបទពិសោធន៍ជាក់ស្តែង។ ជាពិសេស បរិយាកាសបៃតងដែលសម្បូរទៅដោយធម្មជាតិ ផ្តល់ឱកាសឱ្យកុមារបានលេង រុករក សង្កេត និងស្វែងយល់ពីបរិស្ថានជុំវិញខ្លួន។ បទពិសោធន៍ទាំងនេះជួយជំរុញការអភិវឌ្ឍផ្នែកបញ្ញា រាងកាយ សង្គម និងអារម្មណ៍ ព្រមទាំងបណ្តុះទម្លាប់នៃការស្រឡាញ់ធម្មជាតិ និងការយកចិត្តទុកដាក់ចំពោះបរិស្ថានតាំងពីវ័យកុមារភាព។
គួរបញ្ជាក់ផងដែរ ការប្រារព្ធពិធីសម្ពោធទីតាំងច្បារអំពៅ និងប្រកាសបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលអប់រំកុមារតូចខេមប្រ៊ីជ គឺមិនត្រឹមតែជាការអបអរសាទរសមិទ្ធផលថ្មីរបស់សាលាកុមារប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបោះជំហានដ៏មានសារៈសំខាន់ក្នុងការបន្តពង្រីកឱកាសអប់រំ និងលើកកម្ពស់គុណភាពអប់រំកុមារតូចនៅកម្ពុជា។
សាលាកុមារប៉ាស៊ីហ្វិកប្តេជ្ញាបន្តផ្តល់ការអប់រំដែលផ្តោតលើកុមារជាស្នូល ដោយរួមបញ្ចូលចំណេះដឹង ជំនាញ ជីវតម្លៃ និងបទពិសោធន៍រៀនសូត្រប្រកបដោយអត្ថន័យ ដើម្បីជួយឱ្យកុមារម្នាក់ៗអភិវឌ្ឍសក្តានុពលរបស់ខ្លួន និងត្រៀមខ្លួនក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព និងទំនុកចិត្តសម្រាប់អនាគត។ សាលាកុមារប៉ាស៊ីហ្វិក៖ ចាប់ផ្តើមពីមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីបើកទ្វារទៅកាន់អនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់រូប៕


















