គ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌព្រែកព្នៅ រថយន្ដបុកស្លាប់កូនស្រី ខណៈខ្លួនជាឪពុករងរបួសធ្ងន់ធ្លាក់ខ្លួនពិការ សូមអំពាវនាវសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធីដើម្បីឆាប់បានសំណង
06-11-2026 15:59
(ភ្នំពេញ)៖ គ្រួសារជនរងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ដបុកស្លាប់កូន និងឪពុករងរបួសធ្ងន់រហូតធ្លាក់ខ្លួនពិការ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លើផ្លូវលេខ៥២ សង្កាត់ពន្សាំ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានអំពាវនាវសាលាដំបូងរាជធានីភ្នំពេញ ពន្លឿននីតិវិធី ដើម្បីក្រុមគ្រួសារឆាប់ទទួលបានសំណង។
ជនរងគ្រោះផ្ទាល់ឈ្មោះ ថន សុធា ដែលធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ បាននិយាយថា នៅថ្ងៃកើតហេតុ ខ្លួនជិះម៉ូតូ២នាក់កូនស្រី លុះមកដល់ចំណុចកើតហេតុត្រូវបានរថយន្ដបុក បណ្ដាលឲ្យកូនស្រីតូចស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ហើយខ្លួនរងរបួសធ្ងន់ និងពិការជើង។
ក្រោយកើតហេតុ បានទៅព្យាបាល និងសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសារស្ថានភាពក្រខ្សត់ មិនអាចមើលបន្តទៀតក៏បានសុំពេទ្យចេញ និងស្វែងរកគ្រូខ្មែរមើលម្តង។
លោក ថន សុធា បានអះអាងថា ជនបង្កជាអ្នកបើករថយន្ត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ប៉ុន្ដែខ្លួនមិនទាន់បានសំណងជំងឺចិត្តបន្ដិចនៅឡើយទេ ទាំងដែលខ្លួនកំពុងស្ថិតក្នុង ស្ថានភាពពិការ ហើយបាត់បង់កូនស្រីតូចម្នាក់ទៀត។
លោក ថន សុធា ព្រមទាំងក្រុមគ្រួសារ បានធ្វើការអំពាវនាវយ៉ាងទទូចដល់ស្ថាប័នសាលាដំបូងរាជធានីភ្នំពេញ ជួយពន្លឿននីតិវិធីដើម្បីអាចផ្ដល់ឱកាសឲ្យក្រុមគ្រួសាររបស់លោកអាចទទួលបានសំណង សមស្របណាមួយចំពោះអ្វីដែលបានបាត់បង់ដោយសារជនបង្កគ្រោះថ្នាក់ចរាចរណ៍។
សូមជម្រាបថា ក្នុងសំណុំរឿងនេះ លោក តុប ឈុនសុង ចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សៈបៈ ប៊ុនរិទ្ធ ភេទប្រុស ដាក់ពន្ធនាគារក្រោមបទចោទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមានរបួស និងស្លាប់អ្នកដទៃ» និងពីបទ «រត់គេច» ដាក់ពន្ធនាគាររាជធានីភ្នំពេញ៕








