អាជ្ញាធរជាតិអាវុធគីមី បិទវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍជំនាញវិភាគសារធាតុគីមី និងការគ្រប់គ្រងសំណាក» ដើម្បីពង្រឹងសមត្ថភាពជាតិ
06-11-2026 15:29
(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ នឿន វិទ្យា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិអាវុធគីមី តំណាងដ៏ខ្ពង់ខ្ពស់នាយឧត្តមសេនីយ៍បណ្ឌិត ផន ណារ៉ា សមាជិកអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការអភិវឌ្ឍជំនាញវិភាគសារធាតុគីមី និងការគ្រប់គ្រងសំណាក» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការហាមឃាត់អាវុធគីមី (OPCW) ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិ តំណាងអង្គការ OPCW ភ្ញៀវកិត្តិយស និងសិក្ខាកាមជាច្រើនរូប។
វគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃនេះ មានគោលបំណងពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីជំនាញកម្ពុជា លើការវិភាគសារធាតុគីមី និងការគ្រប់គ្រងសំណាក ដើម្បីគាំទ្រដល់ការអនុវត្តអនុសញ្ញាហាមឃាត់អាវុធគីមី (CWC) នៅថ្នាក់ជាតិ។ ក្នុងអំឡុងពេលបណ្តុះបណ្តាលសិក្ខាកាមបានទទួលចំណេះដឹងទ្រឹស្តី និងបទពិសោធន៍អនុវត្តជាក់ស្តែងលើការរៀបចំសំណាក ការបំបែក និងស្រង់យកសមាសធាតុគីមីពីសំណាក ការជ្រើសរើសសារធាតុរំលាយ និងសារធាតុប្រតិកម្ម ព្រមទាំងការប្រើប្រាស់ឧបករណ៍វិភាគ Gas Chromatography-Mass Spectrometry (GC-MS) សម្រាប់កំណត់អត្តសញ្ញាណ និងវិភាគសមាសធាតុគីមី។
ជាមួយគ្នានេះ សិក្ខាកាមក៏បានសិក្សាពីការបកស្រាយ និងផ្ទៀងផ្ទាត់លទ្ធផលវិភាគ ដោយប្រើប្រាស់ប្រព័ន្ធទិន្នន័យ និងកម្មវិធីឯកទេស រួមមាន OPCW Central Analytical Database (OCAD), Automated Mass Spectral Deconvolution and Identification System (AMDIS) និងមូលដ្ឋានទិន្នន័យវិសាលគមម៉ាសរបស់វិទ្យាស្ថានជាតិស្តង់ដារ និងបច្ចេកវិទ្យា (NIST)។ ក្នុងឱកាសនោះ អង្គការ OPCW ក៏បានផ្តល់កម្មវិធីវិភាគ និងប្រព័ន្ធទិន្នន័យឯកទេសដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធរបស់កម្ពុជា តាមរយៈអាជ្ញាធរជាតិអាវុធគីមី ដើម្បីជួយគាំទ្រដល់ការងារវិភាគក្នុងមន្ទីរពិសោធន៍ និងលើកកម្ពស់ភាពត្រឹមត្រូវ ភាពជឿជាក់នៃលទ្ធផលវិភាគនាពេលអនាគត។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន វគ្គបណ្តុះបណ្តាលក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដូចជារយៈពេលបណ្តុះបណ្តាលមានកំណត់ និងការលំបាកក្នុងការទទួលបានសារធាតុគីមីយោង និងសារធាតុប្រតិកម្មឯកទេស។ បញ្ហាទាំងនេះបង្ហាញពីភាពចាំបាច់នៃការបន្តវិនិយោគលើឧបករណ៍ សម្ភារៈបច្ចេកទេស និងការបណ្តុះបណ្តាលជំនាញឯកទេសជាបន្តបន្ទាប់។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ នឿន វិទ្យា ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យបន្តអភិវឌ្ឍចំណេះដឹង និងជំនាញវិជ្ជាជីវៈ ព្រមទាំងរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងមន្ទីរពិសោធន៍ជាតិ ដើម្បីបង្កើតបណ្តាញការងារដែលមានប្រសិទ្ធភាព និងទំនុកចិត្តទៅវិញទៅមក។
ឧត្តមសេនីយ៍ទោ បានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ OPCW វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកការបណ្តុះបណ្តាលបច្ចេកទេស ជាពិសេសលើការប្រមូលសំណាកនៅទីតាំងកើតហេតុ ការរក្សាទុក ការដឹកជញ្ជូន ការធានាខ្សែសង្វាក់គ្រប់គ្រងភស្តុតាង (Chain of Custody) និងការវិភាគសំណាកក្នុងមន្ទីរពិសោធន៍។ ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពវិទ្យាសាស្ត្រ និងបច្ចេកទេសរបស់កម្ពុជា ព្រមទាំងបង្កើនការត្រៀមលក្ខណៈ និងសមត្ថភាពឆ្លើយតបចំពោះឧប្បត្តិហេតុគីមី សំដៅធានាសុវត្ថិភាព និងសន្តិសុខគីមីជាតិ និងបំពេញកាតព្វកិច្ចរបស់កម្ពុជាក្រោមអនុសញ្ញាហាមឃាត់អាវុធគីមី។
បន្ថែមពីនេះ ឧត្តមសេនីយ៍ទោ នឿន វិទ្យា បានបន្ដថា គោលដៅរបស់យើង មិនមែនគ្រាន់តែបង្កើតអ្នកជំនាញដែលមានសមត្ថភាពមួយក្រុមតូចប៉ុណ្ណោះទេ ប៉ុន្តែគឺការកសាងបណ្តាញអ្នកជំនាញមន្ទីរពិសោធន៍ជាតិដ៏រឹងមាំ មាននិរន្តរភាព និងគ្របដណ្តប់ទូទាំងប្រទេស។ មានមេរៀនជីវិតដ៏សំខាន់មួយ ដែលយើងទាំងអស់គ្នាបានសិក្សា និងជួបប្រទះ គឺយើងមិនអាចរំពឹងថាអ្នកដទៃនឹងមកជួយយើង បានគ្រប់ពេលវេលា នៅពេលដែលយើងត្រូវការជំនួយនោះទេ។ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយបច្ចេកទេស គឺពិតជាមានតម្លៃយ៉ាងខ្លាំង ហើយកម្ពុជាតែងតែដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រពីអង្គការ OPCW និងដៃគូអន្តរជាតិទាំងអស់។ ទោះជាយ៉ាងណា សមត្ថភាពជាតិដែលមាននិរន្តរភាព ត្រូវតែកសាង និងថែរក្សាដោយខ្លួនយើងផ្ទាល់ជាចម្បង។ ដូចពាក្យស្លោកមួយបានពោលថា «ទេវតាជួយអ្នកដែលចេះជួយខ្លួនឯង»។
សូមបញ្ជាក់ដែរថា រយៈពេលបួនថ្ងៃនេះ មិនមែនគ្រាន់តែជាវគ្គបណ្តុះបណ្តាលដែលទទួលបានជោគជ័យមួយ ប៉ុណ្ណោះទេ ប៉ុន្តែត្រូវក្លាយជាជំហានដ៏មានអត្ថន័យមួយទៀត ឆ្ពោះទៅរកកម្ពុជាដែលមានសមត្ថភាពកាន់តែរឹងមាំ មានការត្រៀម លក្ខណៈកាន់តែប្រសើរ និងមានភាពម្ចាស់ការលើខ្លួនឯងកាន់តែខ្ពស់៕





















