FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលស្រុកស្ទោង ដង្ហែអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃចាំព្រះវស្សា នៅវត្តក្រសាំងមានជ័យ ឃុំពពក

06-11-2026 15:03

(កំពង់ធំ)៖ លោក ឡាយ ស៊ីលី ប្រធានក្រុមប្រឹក្សាស្រុក និងលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានដឹកនាំសមាជិក សមាជិកា និងសហការី ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដង្ហែអង្គកឋិនទានសាមគ្គីទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តក្រសាំងមានជ័យ ស្ថិតនៅក្នុងភូមិស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក សាយ គឹមឡម បានឲ្យដឹងថា ការដង្ហែអង្គធានាទានសាមគ្គី និងការចូលរួមបច្ច័យនៅក្នុងឱកាសនេះ គឺជាការរួបរួមសាមគ្គីសហការរវាងពុទ្ធចក្រ និងអាណាចក្ររវាងមន្ត្រីរាជការរបស់រដ្ឋបាលស្រុកស្ទោង ជាមួយនឹងប្រជាពុទ្ធបរិស័ទព្រមទាំងព្រះគ្រូចៅអធិការ និងព្រះសង្ឃគ្រប់អង្គដែលស្ថិតនៅក្នុងវត្តក្រសាំងមានជ័យ និងជាការសន្សំនៅបញ្ចនិធិ សម្រាប់ទាំងជាតិនេះ និងអនាគតជាតិ និងដើម្បីកៀរគរប្រមូលបច្ច័យពីញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងវត្ត។

ជាពិសេសទៀត គឺសាលាឆាន់ដ៏ធំស្កៃដែលមានបណ្ដោយប្រវែង ម៉ែត្រនិងទទឹង ប្រវែ៧ ម៉ែត្រ កំពុងដំណើរការសាងសង់ពុំទាន់រួចរាល់នៅឡើយដែលជា សមិទ្ធផលដ៏មានគុណតម្លៃមិនអាចកាត់ថ្លៃបាន ដែលកើតឡើងពីការរួបរួមសាមគ្គីលះបង់កម្លាំងកាយចិត្ត និងធនធានពីសំណាក់ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងដើម្បីតម្កល់លើកកម្ពស់ព្រះពុទ្ធសាសនា ឱ្យបានគង់វង្សគ្រប់ ៥,០០០ព្រះវស្សា តាមពុទ្ធានុញ្ញាត។

លោកអភិបាលស្រុកស្ទោង បានគោរពថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ និងតំណាងធនាគារ មីក្រូហិរញ្ញវត្ថុ ដែលបានតែងតែចូលរួមជា សម្ភារ ថវិកា ជាពិសេសការចូលរួមជាមួយអង្គកឋិនទាន របស់រដ្ឋបាលស្រុកនៅក្នុងឱកាសនេះ ដែលជាស្មារតីរួបរួមសហការក្នុងការតម្កល់ពុទ្ធសាសនា ឱ្យបានរុងរឿងថែមទៀត។

សូមបញ្ជាក់ថា កឋិនទានសាមគ្គីរបស់រដ្ឋបាលស្រុកស្ទោងនៅក្នុងពេលនេះរួមមាន ត្រៃចំនួនពីរ លៀងចំនួនពីរ និងកញ្ចប់ស្បង់ ៦ឈុត ព្រមទាំងបច្ច័យចំនួន ១៤,០៣៦,០០០រៀល និង៣០០ដុល្លារ ហើយលោកអភិបាលស្រុកបានឧបត្ថម្ភដល់សិស្សានុសិស្សកុមារាកុមារី ចំនួន៣០០នាក់ ដែលក្នុងម្នាក់ទទួលបានប៊ិចមួយដើម សៀវភៅមួយក្បាល និងថវិកាមួយពាន់រៀល និងប្រជាការពារចំនួន១៥នាក់ ម្នាក់ៗទទួលបាននូវថវិកាមួយម៉ឺនរៀល និងលោកគ្រូ អ្នកគ្រូ ៦នាក់ ម្នាក់ៗ១ម៉ឺនរៀលថែមទៀត៕