មន្រ្តីជាន់ខ្ពស់ គ.ជ.ប៖ ការចូលរួមពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត បង្ហាញពីស្មារតីទទួលខុសត្រូវ និងការយល់ដឹងរបស់ពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ
06-11-2026 15:02
(កំពង់ឆ្នាំង)៖ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានលើកឡើងថា ការអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត មិនត្រឹមតែជាការអនុត្តសិទ្ធិនយោបាយស្រប តាមច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការឆ្លុះបញ្ចាំងពីការយល់ដឹង និងការទទួលខុសត្រូវយ៉ាងខ្ពស់របស់ប្រជាពលរដ្ឋចំពោះសិទ្ធិ និងតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍសង្គមប្រជាធិបតេយ្យ។
ការគូសបញ្ជាក់របស់លោក ជឺ ចំណាន បានធ្វើឡើងក្នុងឱកាសអញ្ជើញចុះពិនិត្យដោយផ្ទាល់លើដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ថ្លែងទៅកាន់មន្ត្រីបោះឆ្នោត និងប្រជាពលរដ្ឋនៅក្នុងឱកាសនោះ លោក ជឺ ចំណាន បានសង្កត់ធ្ងន់ថា ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតជាប្រចាំ គឺជាកិច្ចការគន្លឹះដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមាន ភាពត្រឹមត្រូវ ពេញលេញ និងទាន់សម័យ ស្របតាមគោលការណ៍បញ្ជីបោះឆ្នោតអចិន្ត្រៃយ៍។
តាមរយៈការផ្ទៀងផ្ទាត់ទិន្នន័យផ្ទាល់ខ្លួន ប្រជាពលរដ្ឋអាចពិនិត្យផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងព័ត៌មានពាក់ព័ន្ធនានា ព្រមទាំងអាចស្នើសុំកែតម្រូវទាន់ពេលវេលា ក្នុងករណីមានភាពខុសឆ្គង ដើម្បីធានាបាននូវសិទ្ធិស្របច្បាប់ក្នុងការបោះឆ្នោត។
អនុប្រធាន គ.ជ.ប បានបន្ថែមថា៖ «ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ គឺជាកម្លាំងចលករមិនអាចខ្វះបានក្នុងការគាំទ្រដល់បេសកកម្មរបស់ គ.ជ.ប ឱ្យសម្រេចបានដោយរលូន ប្រកបដោយតម្លាភាព និងស្របតាមច្បាប់ជាធរមាន។ វត្តមានរបស់ប្រជាពលរដ្ឋនៅគ្រប់ការិយាល័យចុះឈ្មោះ មិនត្រឹមតែជាការអនុវត្តសិទ្ធិបុគ្គលនោះទេ ប៉ុន្តែក៏ជាការរួមចំណែកពង្រឹងគ្រឹះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឱ្យកាន់តែរឹងមាំផងដែរ»។
លោកបានក្រើនរំលឹកដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរដែនដី និងក្រុមប្រឹក្សាឃុំ-សង្កាត់ ត្រូវបន្តយកចិត្តទុកដាក់ផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន យុវនារី ដែលទើបគ្រប់អាយុ ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អណត្តិទី៦ ឆ្នាំ២០២៧ ឬកើតមុនឬត្រឹមថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០០៩) ប្រជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅ និងអ្នកដែលមិនទាន់បានចុះឈ្មោះពីមុនមក។
ព័ត៌មានសំខាន់ៗសម្រាប់ប្រជាពលរដ្ឋក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត។ កាលបរិច្ឆេទ និងទីកន្លែង៖ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមសាលាឃុំ/សង្កាត់ ឬទីតាំងចល័តមួយចំនួនក្នុងឃុំ សង្កាត់។
ឯកសារតម្រូវចាំបាច់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ (អ.ខ) ដែលមានសុពលភាព, ករណីផ្លាស់ប្តូរទីលំនៅថ្មី៖ ត្រូវភ្ជាប់មកបន្ថែម នូវសៀវភៅស្នាក់នៅច្បាប់ដើម ឬសៀវភៅគ្រួសារច្បាប់ដើម, ការពិនិត្យតាមប្រព័ន្ធឌីជីថល៖ ប្រជាពលរដ្ឋអាចពិនិត្យមើលឈ្មោះ និងការិយាល័យបោះឆ្នោតរបស់ខ្លួនតាមរយៈគេហទំព័រផ្លូវការ voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ «NEC KH» បានគ្រប់ពេលវេលា៕






















