FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋមានជីវភាពខ្វះខាត ចំនួន៨០គ្រួសារ នៅសង្កាត់គោកចក ក្រុងសៀមរាប ទទួលបានអំណោយពីរដ្ឋបាលសង្កាត់គោកចក

06-11-2026 14:59

(សៀមរាប)៖ ប្រជាពលរដ្ឋជួបការខ្វះខាត ចាស់ជរា និងជនមានពិការភាព ចំនួន៨០គ្រួសារ មកពីភូមិចំនួន៨ នៅសង្កាត់គោកចក ក្រុងសៀមរាប នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ ពីរដ្ឋបាលសង្កាត់គោកចក ក្នុងនោះមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាផងដែរ។

ក្នុងឱកាសនោះ លោក ហាយ យង់ អភិបាលរងក្រុងសៀមរាប បានលើកឡើងថា ការផ្តល់អំណោយនេះបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលសង្កាត់គោកចក ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងក្រុង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុគ្រប់១៥ឆ្នាំឡើង ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ខណៈអ្នកដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព ត្រូវទៅធ្វើបន្តសុពលភាព ឬធ្វើថ្មីឱ្យបានទាន់ពេលវេលា នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់។

លោកបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ឈ្មោះក្នុងបញ្ជីបោះឆ្នោត ព្រមទាំងចុះឈ្មោះបោះឆ្នោតតាមការកំណត់ ដើម្បីធានាថាខ្លួនមានឈ្មោះត្រឹមត្រូវ ត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២៧ខាងមុខ។

លោក ហាយ យង់ ក៏បានផ្តាំផ្ញើឱ្យបងប្អូនខិតខំប្រកបមុខរបរ បង្កបង្កើនផល ថែរក្សាសុខភាពនិងអនាម័យក្នុងការរស់នៅប្រចាំថ្ងៃដោយបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីជួយគ្នាទៅវិញទៅមក រវាងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងសហគមន៍។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ចៅអធិការវត្តប្រាសាទគោកចក បានសម្ដែងនូវព្រះទ័យរីករាយ និងកោតសរសើរចំពោះទឹកចិត្តមនុស្សធម៌របស់អាជ្ញាធរមូលដ្ឋាន ដែលតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋជួបការលំបាក។ ព្រះអង្គមានថេរដីកាថា ទោះបីអំណោយទាំងនេះ មានចំនួនមិនច្រើនក្តី ប៉ុន្តែបានបង្ហាញពីស្មារតីសាមគ្គីភាព ការចែករំលែក និងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ បានមួយកម្រិតផងដែរ។

ជាមួយគ្នានេះ លោកស្រី ឈិន សាវី ចៅសង្កាត់គោកចក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ភូមិ ឱ្យយកចិត្តទុកដាក់រៀបចំឯកសារអត្តសញ្ញាណផ្ទាល់ខ្លួន និងចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការផ្តល់សេវារដ្ឋបាល និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតប្រព្រឹត្តទៅបានរលូន និងមានប្រសិទ្ធភាព៕