រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ
06-11-2026 14:57
(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រារព្ធមីទ្ទិញអបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣- ៩ វិច្ឆិកា ២០២៦) ពិធីនេះក៏មានការអញ្ជើញជាអធិបតីភាព លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការ កម្លាំងទាំង៣សិស្សនិស្សិត យុវជនយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការប្រារព្ធពិធីបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា) ដើម្បីរំលឹកគុណ និងចងចាំវីរភាពរបស់ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ (ព្រះបិតាឯករាជ្យជាតិ) ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងធំធេងក្នុងការតស៊ូនយោបាយយ៉ាងព្យាយាម ដើម្បីទាមទារឯករាជ្យបរិបូរណ៍ជូនមាតុភូមិពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
បុណ្យឯករាជ្យជាតិ គឺជានិមិត្តរូបនៃ ការងើបឈរឡើងវិញរបស់ជាតិសាសន៍ខ្មែរ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ដែលមានសិទ្ធិសេរីភាពពេញលេញក្នុងការសម្រេចវាសនាខ្លួនឯង គ្រប់គ្រងទឹកដី និងដឹកនាំប្រទេសជាតិដោយខ្លួនដោយគ្មានការត្រួតត្រាពីបរទេស។
មួយវិញទៀត ដើម្បីពង្រឹងស្មារតីស្នេហាជាតិ និងសាមគ្គីភាពការប្រារព្ធពិធីនេះជួយដាស់តឿនស្មារតីកូនខ្មែរគ្រប់ជំនាន់ឱ្យ ចងចាំប្រវត្តិសាស្ត្រ ស្គាល់ពីតម្លៃនៃការលះបង់របស់បុព្វបុរស និងបង្កើន មនសិការស្នេហាជាតិ ក៏ជាឱកាសមួយដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បង្ហាញពីស្មារតីសាមគ្គីភាព ឯកភាពជាតិ និងការគាំទ្រដល់សុខសន្តិភាព និងការអភិវឌ្ឍ៕





























