កងរាជអាវុធហត្ថខេត្តកំពង់ធំ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសពិធីប្រណាំងទូក និងបណ្ដែតប្រទីប
06-11-2026 14:49
(កំពង់ធំ)៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងត្រៀមសង្គ្រោះ ឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសពិធីបួងសួងសុំសេចក្តីសុខចម្រើន និងពិធីប្រណាំងទូក បណ្ដែតប្រទីប និងបង្ហោះគោម ដែលនឹងប្រព្រឹត្តទៅនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាមេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន និងអនុប្រធានមន្ទីរទាំង៧ នាយការិយាល័យចំណុះបញ្ជាការដ្ឋាន ប្រធានអង្គភាព មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងមេបញ្ជាការកងអនុសេនាធំចល័តផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោកមេបញ្ជាការស្តីទី បានណែនាំ និងដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់នាយទាហាន នាយទាហានរង និងពលអាវុធហត្ថទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តតួនាទី និងភារកិច្ចតាមគោលដៅ ដែលបានបែងចែក ជាពិសេសការធានាសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋដែលមកចូលរួមទស្សនាកម្សាន្តក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប និងបង្ហោះគោម។
លោកបានណែនាំឱ្យកងកម្លាំងទាំងអស់សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការសម្រួលចរាចរណ៍តាមដងផ្លូវ និងតាមទីតាំងដែលមានប្រតិភូឆ្លងកាត់ ព្រមទាំងបង្កើនការប្រុងប្រយ័ត្នចំពោះវត្ថុ ឬសម្ភារសង្ស័យដែលអាចបង្កឱ្យមានការផ្ទុះ ឬគ្រោះថ្នាក់ផ្សេងៗ។ ក្នុងករណីរកឃើញភាពមិនប្រក្រតី ត្រូវរាយការណ៍ជាបន្ទាន់ជូនមេបញ្ជាការទទួលបន្ទុកគោលដៅ និងមេបញ្ជាការខេត្ត ដើម្បីចាត់វិធានការទប់ស្កាត់ ឱ្យបានទាន់ពេលវេលា។
លោកបញ្ជាក់ថា កងកម្លាំងត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យចំពោះសត្វពាហនៈ ដូចជាគោ ក្របី និងជាពិសេសគោយន្តកន្ត្រៃយ៍ ដែលធ្វើចរាចរណ៍ឆ្លងកាត់តាមដងផ្លូវក្នុងភូមិសាស្ត្ររៀបចំពិធី ដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ និងឧបទ្ទវហេតុដែលអាចកើតមានជាយថាហេតុ។
តាមរយៈកិច្ចប្រជុំនេះ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានត្រៀមលក្ខណៈ និងដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យ និងព្រឹត្តិការណ៍នានាដែលនឹងប្រព្រឹត្តទៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ៕



















