FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី ឃួន ឃុនឌី និងលោកស្រី លឹម មួយស្រៀន នួនផារ័ត្ន ជំរុញពលរដ្ឋដាំដុះបន្លែ និងចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពគ្រួសារ

06-11-2026 14:46

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកស្រី លឹម មួយស្រៀន នួនផារ័ត្ន ភរិយាអភិបាលខេត្តកំពង់ធំ ជំរុញប្រជាពលរដ្ឋដាំដុះបន្លែ និងចិញ្ចឹមសត្វដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។ លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដាំបន្លែ និងចិញ្ចឹមចង្រិតនៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រី ឃួន ឃុនឌី បានបញ្ជាក់ថាការអំពាវនាវ និងជំរុញឱ្យប្រជាពលរដ្ឋខិតខំដាំដុះបន្លែបង្ការ និងចិញ្ចឹមសត្វជុំវិញផ្ទះ គឺជាសារសំខាន់មួយក្នុងការលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងទ្រទ្រង់សុខភាពតាមរយៈអាហាររូបត្ថម្ភ។

លោកស្រីបន្តថាការដាំបន្លែ និងចិញ្ចឹមសត្វ គឺកាត់បន្ថយការចំណាយថវិកាទិញម្ហូបអាហារប្រចាំថ្ងៃពីទីផ្សារ ពិសេសអាចប្រមូលផលលក់បន្ថែមនៅពេលមានបន្លែ ឬសត្វធាតុសល់ពីការហូបចុកក្នុងគ្រួសារ ហើយសុវត្ថិភាពអាហារដោយទទួលបានបន្លែស្រស់ៗ គ្មានសារធាតុគីមី និងសាច់សត្វដែលមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព។

លោកស្រី ឃួន ឃុនឌី បានបន្ថែមថា ការដាំបន្លែ និងចិញ្ចឹមសត្វអាចទាញយកប្រយោជន៍ពីដីទំនេរជុំវិញផ្ទះឱ្យមានប្រសិទ្ធភាព និងបៃតងពិសេសមិនទៅធ្វើការងារឆ្ងាយផ្ទះ ឬចំណាកស្រុកថែមទៀតផង៕